ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូដឹកឈើច្រើនដុំ ធ្ងន់ ឆ្លងផ្លូវចុះចំណោតខ្លាំងផង បណ្តាលឲ្យបាក់បូមដួលសង្កត់ពីលើស្លាប់តែម្តងយ៉ាងអាណោចអាធ័ម បំផុត ចោលប្រពន្ធ និងកូនតូចផងនោះ ។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅវេលាម៉ោង២និង៣៦នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានតាគារ ក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន ស្រស់ អាយុ២១ឆ្នាំ និងមានប្រពន្ធឈ្មោះធឿន សុខឃឿន អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានកូនស្រីម្នាក់ផងដែរ ។ ប្រភពបន្តថា ករណីមនុស្សដួលម៉ូតូស្លាប់នោះ ដោយសារតែដឹកឈើបេងដែលមានទិសដៅពីស្រុកពេជ្រាដា ឆ្ពោះទៅដំបន់ព្រំដែនប្រទេសវៀតណាម ។
ឈើដែលគេដឹកនោះ រហូតដល់ចំនួន០៥ដុំ មានទម្ងន់ធ្ងន់ ពេលមកដល់ចំណុចកើតហេតុ មានស្ថានភាពផ្លូវចុះចំណោតខ្លាំងផង ហើយម៉ូតូក៏បាក់បូមផ្នែកខាងក្រោយបណ្ដាលឲ្យដួលត្រូវដុំឈើសង្កត់ពីលើរហូតដល់ស្លាប់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែង ពិនិត្យរួចរាល់ក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួរសារ និងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ឯវត្ថុតាងម៉ូតូ និងឈើបេងចំនួន០៥ដុំនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន ៕ ជីវ័ន្ត