ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហេង ងួន ប្រធានអង្គភាពផ្លូវថ្នល់ នៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាល លោកប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទឹកថ្លា និងអគ្គនាយកក្រុមហ៊ុនព្រីនស៌ ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានអង្គប្រជុំបានមានប្រសាសន៌ថា : ដោយពិនិត្យឃើញថា នៅចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ លើផ្លូវសហព័ន្ធរុស្ស៊ី មានការខូចស្រុត និងទទួលបានប្រសាសន៍ដឹកនាំពី ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចនេះ រដ្ឋបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំពិភាក្សាថ្ងៃនេះ ដើម្បីឲ្យក្រុមហ៊ុនជួសជុលនៅចំណុចខូចស្រុតជាបន្ទាន់ឲ្យបានស្អាតឡើងវិញ ដើម្បីបង្ការគ្រោះថ្នាក់ជាយថា ហេតុណាមួយដែលអាចកើតមានដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងវិថីនេះ និងសំណូមពរឲ្យក្រុមហ៊ុនបន្តចូលរួមសហការ និងយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពសាធារណៈនៅចំណុចមុខការដ្ឋានសំណង់ជាបន្តទៀត ។

ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនបានយល់ព្រមទទួលអនុវត្តជួសជុលតាមការសម្រេចរបស់អង្គប្រជុំដូចខាងក្រោម :

ក្រុមហ៊ុនត្រូវជួសជុលអ៊ុតកៅស៊ូជាបេទីម នៅចំណុចដែលខូចស្រុតឲ្យបានស្អាតឡើងវិញ ជាបណ្តោះអាសន្ន ដោយចាប់ផ្តើមអនុវត្តនៅដើមសប្ដាហ៍ទី១ ក្នុងមករា ឆ្នាំ២០២០ ខាងមុខនេះ ។

ក្រុមហ៊ុនត្រូវជួសជុលគម្របអណ្តូង និងមាត់អណ្តូងលូដែលបានខូចបាក់បែកនៅចំណុចមុខការដ្ឋានសំណង់ ឲ្យបានស្អាតឡើងវិញ ៕ ចាន់លីហ្សា


ចែករំលែក៖