ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនវៀតណាម៣នាក់ និងខ្មែរម្នាក់ករណីនាំវៀតណាមខួងរ៉ែគ្មានច្បាប់អនុញាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ ពលរដ្នស្រុកស្វាយលើបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ដាក់ទោសទណ្ឌក្រុមវៀតណាមដ៏ព្រហើននេះឲ្យធ្ងន់ធ្ងរបន្ដិច ព្រោះពួកគេកាន់តែហ៊ានទៅៗហើយ មិនខ្លាចរអារអាជ្ញាធរ និងសមត្ថកិច្ចខ្មែរនោះទេ ។ ការសំណូមពរនេះបន្ទាប់ពីក្រុមមន្ត្រីចម្រុះ បានឃាត់ចាប់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ភ្លាមៗ ដែលបានលួចចូលទៅខួងយករ៉ែ នៅចំណុចភ្នំ១០០ ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ។ ប្រតិបត្តិការនេះដឹកនាំដោយអាជ្ញាធរស្រុកស្វាយលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយលើ និងមន្ត្រីរដ្ឋបាលព្រៃឈើស្វាយលើ ។

សមត្ថកិច្ចបានឲ្យដឹងថា បានចាប់ ម៉ាស៊ីនខួងរ៉ែចំនួន២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត ព្រមទាំងចាប់ខ្លួនមនុស្សចំនួន៤នាក់៖ ទី១ ឈ្មោះ វៀង ឌឹកវិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាម, ឈ្មោះ តឹង វឹងងី ភេទប្រុសអាយុ៥៤ឆ្នាំជនជាតិវៀតណាម, ឈ្មោះ តឹង វឹងដាក ភេទប្រុសអាយុ២០ឆ្នាំជនជាតិវៀតណាម និង៤ ឈ្មោះ ទឹង សិត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើថាជនសង្ស័យបានសារភាពថាពួកគេមកលួចធ្វើជិត១សប្តាហ៍ ដោយខួងបានចំនួន២អណ្តូងក្នុងជម្រៅជិត៥០ម៉ែត្រ រ៉ែទាំងនេះជាប្រភេទរ៉ែដែក និងស្ពាន់ ពួកគេបានមកលួចខួង ដោយមិនមានច្បាប់ទម្លាប់នោះទេ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅសាលាស្រុកស្វាយលើ ចំណែកមនុស្សទាំង៤នាក់ត្រូវបានបញ្ជូនខ្លួនមកកាន់តុលាការនារសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖