ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ជិះកង់ចូលប្រឡាយទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ជិះកង់ធ្លាក់ចូលប្រឡាយទឹក មុខវត្តសន្ទុកក្រៅ បណ្ដាលឲ្យលង់ស្លាប់ ព្រោះតែម្ដាយមានការធ្វេសប្រហែស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ប្រឡាយទឹក មុខវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡូញ សុខខេង អាយុ ៨ឆ្នាំ ឪពុកបង្កើតឈ្មោះ ឆាន ស្រឿន អាយុ ៤៤ឆ្នាំ និងម្ដាយបង្កើតឈ្មោះ ស៊ឹង ស៊ីណា អាយុ ៤២ឆ្នាំ រស់នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីឈ្មោះសឹង ស៊ីណា ត្រូវជាម្ដាយក្មេងបង្កើតបាននិយាយថា ពេលថ្ងៃនៅវេលាម៉ោងប្រហែល១៤ និង ០០នាទី គាត់បានចេញទៅអញ្ជើញអ្នកភូមិធ្វើបុណ្យនៅក្នុងភូមិសន្ទុកក្រៅ ទុកឲ្យកូនស្រី ឈ្មោះ ឡុញ សុខខេង នៅចាំផ្ទះម្នាក់ឯង ដល់ម៉ោងប្រហែល ១៦ ទើបខ្លួនវិលត្រឡប់មកផ្ទះវិញ មកដល់ផ្ទះពុំឃើញកូនទេ ស្មានតែវាជិះ កង់ដើលេងផ្ទះគេ រហូតដល់ម៉ោង១៨ និង ០០នាទី ទើបដើររកកូនមកហូបបាយ តែរកពុំឃើញ ក៏ហៅអ្នកភូមិជួយរក ក្រោយមកក៏មានការសង្ស័យ ក៏នាំអ្នកភូមិបិទទ្វារទឹកប្រឡាយខាងលើ ហើយបើកទ្វារប្រឡាយខាងក្រោម រហួតដល់ទឹកហូរអស់ស្រាប់តែឃើញកង់ រីឯមនុស្សរកឃើញកន្លែងទ្វារទឹកខាងក្រោម ចម្ងាយប្រហែល 200ម៉ែត្រ ។

ក្រោយសមត្ថកិច្ចបានពិនិត្យសាកសពរួចបានសន្និដ្ឋានថា ក្មេងរងគ្រោះ ជិះកង់ធ្លាក់ប្រឡាយទឹក ព្រោះមានទឹក ហូរខ្លាំងទើបបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ៕ ប៊ុនរិទ្ធី


ចែករំលែក៖