ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ក្រោយពីពួកគេបាននាំគ្នាជិះម៉ូតូកង់បីទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដែលទុកនៅមុខបន្ទប់ជួល ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០៥ និង០០នាទីរសៀល ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ប៉ុន ទិត្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនេជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សៅរិ៍ រក្សា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនិស្សិត ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកាំកូស៊ីធី សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូកង់បីមួយគ្រឿងទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ដែលទុកនៅមុខបន្ទប់ជួលលុះទៅដលបក្ខពួកជនសង្ស័យ២នាក់បានចុះទីលួចយកមម៉ូតូ០១គ្រឿងម៉ាក ឡែត ពណ៌ស ផលិត ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FC-5467 របស់ជនរងគ្រោះអូសចេញបានបន្តិច ស្រាប់ជនរងគ្រោះឃើញ ក៏ស្រែកឆោឡោពេលនោះ បក្ខពួករបស់គេបាននាំគ្នារត់ឡើងជិះម៉ូតូកង់បីគេចខ្លួនចំណែកជនសង្ស័យម្នាក់ឈ្មោះ ប៉ុន ទិត្យ រត់មិនរួចទើបប្រជាពលរដ្ឋ និងជនរងគ្រោះនាំដេញចាប់បានតែម្តងហើយយកមកប្រគាល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមចាត់ការតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកបក្ខពួក២នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ៕ ចាន់លីហ្សា