ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន អាកាសធាតុនឹងចុះត្រជាក់នៅពេលព្រឹកដល់១៧ ទៅ១៩អង្សា។
ដោយឡែកខេត្តដទៃទៀត សីតុណ្ហភាពអាចនឹងមានពី ២០ ទៅ២៤អង្សាសេ ។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយមថា ស្ថានភាពបែបនេះ គឺដោយសារប្រទេសកម្ពុជាយើងបាននិងកំពុងទទួលនូវឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ហើយមហាសមុទ្រភាគខាងកើតហ្វីលីពីន ក៏មានព្យុះទី២៩ ឈ្មោះ ហ្វាន់ហ្វូន (Phanfone) បាននិងកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង តែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ៕