ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនខ្លួនបុគ្គលិកក្រុមហ៊ុនលាភភព្វ័សំណាង ជាចោរឆក់កាបូបទៅសាលាដំបូរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ក្រោយសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងឥន្ធន:តូតាល់ មុខស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកមកសាកសួរបញ្ចប់នីតិវិធី ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឹម ដេវីត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលាភភព្វ័សំណាង ស្នាក់នៅផ្ទះជួលគ្មាន ផ្លូវBT ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ពណ៌ត្នោត) នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៤ និង ៣០នាទីរសៀល ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកសម្ភារពីជនសង្ស័យមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៩៤៩៦៤៤៤ ពាក់ស្លាកលេខ ភ្នំពេញ ១FO ៥៥៩២ -បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ១FO ៥៥៩២ ចំនួន ០១ សន្លឹក ; ទូរសព្ទ័ដៃម៉ាក VIVO ពណ៌ ខ្មៅ លាយឈាមជ្រូក ស៊ីមកាតលេខ ០៩៦ ៤១៣៤០៣៤ ; ខ្សែដៃធ្វើពីលោហធាតុ ពណ៌លឿងស្លេក ចំនួន ០១ ខ្សែ ; ចិញ្ចៀនធ្វើពីលោហធាតុ ពណ៌លឿងស្លេក មានដាំត្បូង ពណ៌ស ចំនួន ០១ វង់ ;អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ លេខ០១១៣០៥៥៧៩ ឈ្មោះ សៅ លក្ខិណា ចំនួន ០១ សន្លឹក ; កូនកាបូប ពណ៌ខ្មៅចំនួន ០១ និងប្រាក់រៀលចំនួន ៣៣៥០០ រៀល ។
ដោយឡែកជនរងគ្រោះ ឈ្មោះ ឡង់ សារឿន ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារបាត់បង់ ៖ប្រាក់ដុល្លារ ចំនួន ៥០០ដុល្លារអាមេរិក ; ប្រាក់អូស្រ្តាលី ចំនួន ១១០០ ;ប្រាក់រៀល ចំនួន ៧០០ ០០០ រៀល ; ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿងម៉ាកអាយហ្វូនស៊ីច ចំនួន ០១ គ្រឿង ,អាយហ្វូនហ្វាយ ចំនួន ០១ គ្រឿង និងសាំសុង ចំនួន ០១ គ្រឿង ; កាតធនាគារអេស៊ីលីដា ចំនួន ០១ សន្លឹក ,-កាតអេធីអ៊ឹម ចំនួន ០១ សន្លឹក ; កាតគ្រីម៉ូតូ ចំនួន ០១ សន្លឹក ; បុងប្រេងតេលា ចំនួន ៦០០លីត្រ ; អត្តសញ្ញាណបណ្ណ័គ្រូបង្រៀន ចំនួន ០១ សន្លឹក ;កាត ប ស ស ចំនួន ០១ សន្លឹក; កាត ស ប ស ចំនួន ០១ សន្លឹក ; អត្តសញ្ញាណបណ្ណ័ចំនួន ០៣ សន្លឹក ; បណ្ណ័បើកបររថយន្ត ចំនួន ០១ សន្លឹក ; បណ្ណ័បើកបរម៉ូតូ ចំនួន ០១ សន្លឹក ; ផៅវ័របបេង ចំនួន ០១ សន្លឹក ; កាតជំរឿន ចំនួន ០១ សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស រស្មី