ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២១៦ ផ្ទះលេខ៧៦ ស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រសីហនុ មានករណីជនជាតិចិន0២នាក់ចូលទៅគាស់ទូដែកបម្រុងយកប្រាក់ ហើយក្នុងពេលជនសង្សយ័កំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលព្រំដែនទឹក ចូលទៅទាន់ ក្រុមជនសង្ស័យបានប្រើដែកគាស់0២ដើមវ៉ៃទៅលើម្ចាស់ផ្ទះ ប៉ុន្តែភ្លាមនោះម្ចាស់ផ្ទះជាមន្ត្រីនគរបាលព្រំដែនទឹកដែលមានអាវុធក្នុងដៃបានផ្ទុះអាវុធជាច្រើនគ្រាប់បាញ់ទៅលើក្រុមជនសង្សយ័ក្រោមហេតុផលថា ការពារខ្លួន បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។
បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក ) ។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនជើងទឹក ។
ទោះជាយ៉ាងនេះក្តីភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់សាវតាជនជាតិចិនទាំង២នាក់នៅឡើយ និងថា ការស្រាវជ្រាវកំពុងធ្វើបន្តតាមនីតិវិធី៕ ឆ្លាម សមុទ្រ