ខេត្តត្បូងឃ្មុំៈ នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំកាលពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម អោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និង ពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅអោយកាន់តែល្អប្រសើរ។
នៅព្រឹកមិញនេះ សម្តេចតេជោ បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀតយកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដី ជួយសម្របសម្រួលឲ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។ ភាពជោគជ័យរបស់ផ្សារសហគមគំរូនេះ គឺត្រូវការមានការចូលរួមនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។ សម្តេចតេជោ សង្ឃឹមថា នៅពេលកម្ពុជាមានផ្សារសហគមគំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញនាំចេញទៅប្រទេសវៀតណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំថែមទៀត៕