ភ្នំពេញ៖ យុវជនម្នាក់បានដើរមកលើស្ពានច្បារអំពៅ ហើយលោតសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង ១៩ និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើស្ពានច្បារអំពៅចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ ថាង វ៉េងហាន ភេទប្រុស អាយុ១៦ឆ្នាំ ជាកូនទី៣ក្នុងគ្រួសារមួយ ស្ថិតនៅផ្ទះលេខ១៣៨ តាមផ្លូវបេតុង ខាងក្រោយវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមសម្ដីស្ត្រីម្នាក់ឈ្មោះ ងៀង ធីង៉ុកហុីវ ជនជាតិវៀតណាម អាយុ៤៣ឆ្នាំ និងត្រូវជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមានទំនាស់ជាមួយបងប្អូនក្នុងគ្រួសារ ហើយមិនមែនតែលើកទី១នោះទេ ទើបកូនគាត់សម្រេចដើរមកលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅចាស់បាត់ស្រមោលបែបនេះ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដែរ តែមិនអាចជួយស្រាវជ្រាវរកជនរងគ្រោះឃើញឡើងវិញបាននោះទេ ដោយបានត្រឹមតែនាំម្ដាយជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុតែប៉ុណ្ណោះ ៕ ភារ៉ា ដង្កោ