ព័ត៌មានទាន់ហេតុការណ៍៖

ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ នៅកណ្តាលទីក្រុង ខណៈនគរបាល និងជនសង្ស័យបាញ់តដៃគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃការិយាល័យក៦បានប្រដេញជនសង្ស័យម្នាក់ជាអ្នកចែកចាយគ្រឿងញៀន ខណៈកំពុងចែកចាយគ្រឿងញៀន និងមានការផ្ទុះអាវុធទៅវិញទៅមកជាច្រើនគ្រាប់ ទើបបង្ក្រាបបានជនសង្ស័យចំនួន២នាក់ ដកហូតម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ។

ប្រតិបត្តិការ​នេះ បានធ្វើឡើងកាកពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះលេខ៩០​ ផ្លូវ៣១៥​ ក្រុម៩០​ ភូមិ៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

ជនសង្ស័យទី ១-ឈ្មោះ មាស សិលា ហៅសីលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ រថយន្តស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ២-ឈ្មោះគិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរនិស្សិត ស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបានតាមដានជាយូរមកហើយលុះ នៅយប់កើតហេតុទើបតាមដានពីក្រោយជនសង្ស័យនៅម្តុំស្ពានអាកាសក្បាលថ្នល់ពេលនោះជនសង្ស័យ ក៏បានជិះម៉ូតូរហូតទៅដល់ស្តុបផ្សារមាន់អាំងដើម្បីចែកចាយគ្រឿងញៀនភ្លាមនោះ កម្លាំងនគរបាលក៏បានប្រដេញតាមរហូតជនសង្ស័យជិះចូលផ្ទះ និងបានបាញ់ទៅលើសមត្ថកិច្ចជាចំនួន៤គ្រាប់ ទើបសមត្ថកិច្ចបាញ់រំដោះខ្លួនចំនួន១គ្រាប់វិញ ។

សមត្ថកិច្ចបានបន្តថា​ ពេលនោះកម្លាំងនគរបាលឡោមព័ទ្ធ និងសម្រុកចូលចាប់ជនសង្ស័យបានចំនួន២នាក់ និងដកហូត អាវុធខ្លីមួយដើមម៉ាក SIGSOWER P320​ រួមទាំងម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GD 4729 ផងដែរ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅមន្ទីរប្រឆាំងការជួយដូរគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖