ព័ត៌មានទាន់ហេតុការណ៍៖

ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ៧០៩នាក់ នៅស្រុកសាលាក្រៅ ទទួលប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅសាលាស្រុកសាលាក្រៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិនបានបើកផ្តល់ប្រាក់របបគោលនយោបាយជូនដល់ជនពិការក្រីក្រ ចំនួន៧០៩ នាក់ ក្នុងសហគមន៍មកពីឃុំទាំង៤ក្នុងស្រុកសាលាក្រៅដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក ផាន់ចាន់ធុលអភិបាល ខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងនីតិសប្បទាពេលនេះគឺដើម្បីចូលរួមចំណែកដោះស្រាយលើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិតតែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេហើយអ្វីដែលសំខាន់គឺបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯងដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូនដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង ។

លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោសែនបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេសសម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេសមកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជាបង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់ ។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ចំពោះបងប្អូនជនមានពិការភាពរាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង និងការគាំពារដូចបងប្អូនប្រជាពលរដ្ឋយើងផងដែរដែលនេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកតាលោកយាយ និងបងប្អូនជនពិការយើងជាពិសេសខេត្តប៉ៃលិនយើងត្រូវបានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយជនពិការក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធាន មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិនបានអោយដឹងថា៖ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ជនពិការក្រីក្រក្នុងស្រុកសាលាក្រៅ សរុបចំនួន៧០៩នាក់ ស្រី២៣៦នាក់ក្នុងនោះទទួល៦ខែ ចំនួន ៣១៧នាក់ ស្រី៨៩នាក់ និងទទួល១២ខែ ចំនួន ៣៩២នាក់ ស្រី ១៤៧នាក់ សម្រាប់ឆ្នាំ ២០១៩ ហើយជនពិការដែលធ្ងន់ធ្ងរទទួលបានថវិកា ២៤ម៉ឺនរៀល និងជនពិការដែលក្រីក្រទទួលបានថវិកា១២ម៉ឺនរៀល ផងដែរ ៕ ស សារឿន


ចែករំលែក៖