មហាអំណាចសេដ្ឋកិច្ច អាស៊ីទាំងបីគឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា បង្កើតកិច្ចសហប្រតិបត្ដិការឲ្យកាន់តែស៊ីជម្រៅ នៅក្នុងសតវត្សបន្ទាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
កិច្ចប្រជុំត្រីភាគនេះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ នៅក្នុងទីក្រុង Chengdu នាភាគនិរតី នៃប្រទេសចិន ហើយមេដឹកនាំទាំង៣ប្រទេស រួមមាន លោក Li Keqiang នាយករដ្ឋមន្រ្ដីចិន លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក Shinzo Abe នាយករដ្ឋមន្រ្ដីជប៉ុន ។ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំកំពូលទាំង៣ប្រទេស បានឯកភាពគ្នា បង្កើតសហប្រតិបត្ដិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ នៅឆ្នាំនេះ ជាការកត់សម្គាល់ចំពោះការរំឭកនូវខួបលើកទី២០ នៃកិច្ចសហប្រតិបត្ដិការ រវាងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ។
លោក លី នាយករដ្ឋមន្រ្ដីចិន បានថ្លែងថា ចិន ជប៉ុន និងកូរ៉េខាងត្បូង ជាដៃគូអភិវឌ្ឍដ៏សំខាន់បំផុត ហើយប្រទេសទាំង៣នេះ ក៏អាចបំពេញបន្ថែមសេដ្ឋកិច្ចឲ្យគ្នាទៅវិញទៅមកបាន ។ ទោះជាយ៉ាងណា ការប្រឈមមុខគ្នាខ្លះៗ នាពេលកន្លងមក យើងនឹងប្តេជ្ញាថា នឹងទទួលបានលទ្ធផលឈ្នះឈ្នះ តាមរយៈកិច្ចសហប្រតិបត្តិការ និងដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងផ្ដល់នូវទំនុកចិត្តគ្នាទៅវិញទៅមក ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីចិន ក៏បានស្នើឲ្យបង្កើននូវកិច្ចសហប្រតិបត្ដិការឲ្យកាន់ស៊ីជម្រៅ នៅក្នុងចំណោមប្រទេសទាំង៣ ចិន ជប៉ុន និងកូរ៉េ ។ លោកនាយករដ្ឋមន្រ្ដី បានអំពាវនាវឲ្យប្រទេសទាំង៣ កសាងនូវមូលដ្ឋានគ្រឹះ នៃទំនុកចិត្តគ្នាទៅវិញទៅមក និងការពារគ្រប់ស្ថានភាពសហប្រតិបត្ដិការ ។
មេដឹកនាំ នៃប្រទេសទាំង៣ បានបង្ហាញទស្សនវិស័យ ដែលមានគោលបំណង និងសមហេតុផល ប្រកាន់អាកប្បកិរិយាត្រឹមត្រូវ ឆ្ពោះទៅរកប្រវត្តិសាស្ត្រថ្មី និងអនាគតគោរពផលប្រយោជន៍គ្នាជាស្នូល ។ ក្រៅពីនេះ ប្រទេសទាំង៣ ក៏នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ ដើម្បីមានផលប្រយោជន៍គ្នាទៅវិញទៅមក ហើយវានឹងទទួលលទ្ធផលឈ្នះឈ្នះ និងដោះស្រាយភាពខុសគ្នា ។ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ក៏ជាឱកាសបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅផងដែរ ។
ដោយបើកជំនួបកំពូលត្រីភាគី ចិន ជប៉ុន និងកូរ៉េខាងត្បូង ទីក្រុងប៉េកាំង បានបើកឱកាសឲ្យមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង បានជួបទល់មុខគ្នា នៅក្នុងការពិភាក្សាទ្វេភាគី ដែលបានខកខាន មិនបានធ្វើ អស់ ១៥ខែមកហើយ ដោយសារតែការអាក់អន់ស្រពន់ចិត្ត រវាងគ្នា នៅជាងមួយឆ្នាំមកនេះ ។ ទំនាក់ទំនង ការទូត ជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះ អាក្រក់ រហូតរាលដាលដល់ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដោយសារតែជម្លោះ រើឡើងវិញទាក់ទងនឹងដានប្រវត្តិសាស្រ្ត ជាពិសេស គឺរឿងធ្វើអាណានិគម រយៈពេល ៣៥ឆ្នាំរបស់ជប៉ុនទៅលើឧបទ្វីបកូរ៉េ ។
នៅឆ្នាំ២០១៩ ដើម្បីឆ្លើយតបនឹងសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដែលបានផ្តន្ទាទោស ក្រុមហ៊ុនជប៉ុនឲ្យសងជម្ងឺចិត្ត ពលករកូរ៉េខាងត្បូង ដែលធ្វើការនៅក្រុមហ៊ុនជប៉ុនក្នុងអំឡុងសម័យសង្រ្គាម រដ្ឋាភិបាលជប៉ុនបានប្រកាសដកកូរ៉េខាងត្បូង ចេញពីបញ្ជីប្រទេសដៃគូពាណិជ្ជកម្មពិសេស ។ កូរ៉េខាងត្បូងវិញ បានប្រកាសគំរាម ផ្អាកមិនចែករំលែក ព័ត៌មានយោធាសម្ងាត់ជាមួយជប៉ុន ប៉ុន្តែ បានប្តូរចិត្តមកវិញ ជាមួយលក្ខខណ្ឌ ។
នៅមុនធ្វើដំណើរទៅប្រទេសចិន លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊្ហីនហ្សូ អាបេ ទទួលស្គាល់ថា ទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង នៅល្អក់កករ នៅឡើយទេ ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែមានជំហរ គោលដៅរួមគ្នា មួយ នោះ បញ្ហាកូរ៉េខាងជើង ព្រោះថា ប្រទេសទាំងពីរ ចង់ ឬមិនចង់ ជាផ្ទាំងស៊ីប នៃការគំរាមកំហែង វាយប្រហារមុនគេរបស់កូរ៉េខាងជើង ។
ជម្លោះខ្វែងគំនិត រវាងសម្ព័ន្ធមិត្តទាំងពីរ បានធ្វើឲ្យសហរដ្ឋអាមេរិក ខ្វល់ខ្វាយ បារម្ភថា នឹងអាចជះឥទ្ធិពលអាក្រក់ទៅលើនយោបាយការទូតរបស់អាមេរិក នៅអាស៊ី ជាពិសេស ក្នុងគោលដៅ យុទ្ធសាស្រ្ត ទប់ទល់នឹងមហាអំណាចចិន ក៏ដូចជាកូរ៉េខាងជើង ។ ក៏ប៉ុន្តែ នៅពេលមហាអំណាចចិន ចូលខ្លួន មកជួយសម្របសម្រួល ជម្លោះការទូតជប៉ុន និងកូរ៉េខាងត្បូងយ៉ាងដូច្នេះ អាមេរិកក៏ប្រឆាំងជំទាស់អ្វីដែរ ព្រោះដើម្បីផលប្រយោជន៍រួម គឺទំនាក់ទំនងល្អឡើងវិញ រវាងសម្ព័ន្ធមិត្តសំខាន់ទាំងពីររបស់អាមេរិក ។
ប្រការដែលសំខាន់ នៅត្រង់ថា តើចិននឹងអាចបញ្ចុះបញ្ចូលបានកម្រិតណា? តើចិនអាចបញ្ចុះបញ្ចូលឲ្យជប៉ុន និងកូរ៉េខាងត្បូង ទម្លាក់ចោល ជម្លោះដែលកើតឡើងដោយសារការឈឺចាប់ប្រវត្តិសាស្រ្តដែរឬទេ? ៕