ភ្នំពេញ៖ រថយន្តក្រុងចំនួន ០២គ្រឿង ដែលតែងតែចតនៅលើផ្លូវសាធារណៈបណ្ដាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅចំណុចមុខដីឡូតិមួយកន្លែង បណ្តោយផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការ និងជាអភិបាលខណ្ឌសែនសុខ ឲ្យចុះដកហូតយកមករក្សាទុកនៅសាលាខណ្ឌកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយយកមកទុករយៈពេល ០១សប្ដាហ៍ ធ្វើជាការព្រមានដល់ម្ចាស់រថយន្តនេះ ក៏ដូចជាម្ចាស់រថយន្តផ្សេងៗទៀត មុននឹងធ្វើកិច្ចសន្យាប្រគល់ជូនត្រឡប់ទៅវិញ ។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះដែរ ដោយបានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់រថយន្តទាំងពីរមកណែនាំ ដោយម្ចាស់រថយន្តបានទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យានៅមុខអាជ្ញាធរខណ្ឌសែនសុខ ដោយយល់ព្រមអនុវត្តដូចខាងក្រោម :
-យល់ព្រមបញ្ឈប់សកម្មភាពចតរថយន្តនៅលើផ្លូវសាធារណៈ បណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងប៉ះពាល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវសាធារណៈទៀតហើយ
-ក្នុងករណី នៅបន្តចតរថយន្តលើផ្លូវសាធារណះប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈលើកក្រោយម្តងទៀត យល់ព្រមឲ្យអាជ្ញាធរខណ្ឌអនុវត្តវិធានការទៅតាមនីតិវិធីច្បាប់ ដោយមិនជំទាស់តវ៉ាអ្វីឡើយ ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា : ក្នុងនាមអាជ្ញាធរ មិនចង់ឃាត់ដកហូត ឬ រំខានការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យខកខានការដឹកជញ្ជូនភ្ញៀវនោះទេ ប៉ុន្តែបើណែនាំមិនស្តាប់ អាជ្ញាធរខណ្ឌត្រូវតែបង្ខំអនុវត្តវិធានការឲ្យខានតែបាន ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យមានរបៀបរៀបរយល្អប្រសើរ ។ លោកអភិបាលខណ្ឌបានរំលឹកថា : កន្លងមក អាជ្ញាធរខណ្ឌសែនសុខតែងតែបានចុះណែនាំដល់ម្ចាស់រថយន្តក្រុងនៅតាមបណ្តោយផ្លូវលេខ១៩៥៨ និងផ្លូវមួយចំនួនទៀត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ឲ្យបញ្ឈប់ការចតរថយន្តនៅលើផ្លូវសាធារណៈជាច្រើនលើក និងបានចែកជូនលិខិតណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែម្ចាស់រថយន្តមួយចំនួនមិនបានអនុវត្តតាមការណែនាំនោះឡើយ ។
ជាចុងក្រោយ អាជ្ញាធរខណ្ឌសែនសុខសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកំពុងប្រកបអាជីវកម្មតាមដងផ្លូវ និងម្ចាស់រថយន្តតាក់សុី រថយន្តឈ្នួល រថយន្តក្រុង រថយន្តក្រឡុកបេតុង និងម្ចាស់រថយន្តដឹកទំនិញផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់ការលក់ដូរ ដាក់តាំងសម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តនៅលើផ្លូវសាធារណៈដែលបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប៉ះពាល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ និងប៉ះពាល់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ៕ ចន្ទ លីហ្សា