ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះទៀង វិសាល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន ។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ រួចក៏បានបញ្ជូនទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនរងគ្រោះបានសម្រេចរហូតទៅដល់៣លើក ដោយរូបគេតែងតែធ្វើសកម្មភាពជិះកង់ឆក់ពីជនរងគ្រោះដែលឈប់ម៉ូតូនិយាយទូរសព្ទ័នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យជាញឹកញាប់ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ