ខេត្តស្ទឹងត្រែង ៖ មកទល់នឹងពេលនេះ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ គឺមានរយៈពេល៥៦ថ្ងៃមកហើយ ទាំងស្ថាប័នមន្ត្រីនគរបាលយុត្តិធម៌ តុលាការ អាជ្ញាធរខេត្ត មិនទាន់បានរកដំណោះស្រាយផ្តល់ភាពយុត្តិធម៌ណាមួយមកដល់នាងខ្ញុំជាជនរងគ្រោះដោយសារការដកកាំភ្លើងភ្ជង់ក្បាល ដេញបាញ់ថានឹងសម្លាប់ ប្រព្រឹត្តដោយជនសង្ស័យជាកូនក្រឡាបញ្ជី និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងនៅឡើយទេ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីស្ត្រីឈ្មោះ ហ៊ឹម ម៉ារី អាយុ២៨ឆ្នាំ មានទីលំនៅម្តុំស្រែតាចាន់ (ច្រប់) ឃុំក្បារមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រាប់អង្គភាពនគរវត្ត តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។
ស្ត្រីរងគ្រោះបានរៀបរាប់បន្តថា៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ លោក វង្ស សាវឿន តួនាទីជានាយងខណ្ឌរដ្ឋបាលជលផលខេត្តបាននាំមន្ត្រីរបស់ខ្លួនទៅដោះ(សាមង) របស់បងថ្លៃរបស់គាត់ឈ្មោះ អ៊ី សៃណុប ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅម្តុំស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង យកមងទាំងនោះលាក់ទុកក្នុងព្រៃ រួចហើយលោក វង្ស សាវឿន បានបង្ខំឲ្យម្ចាស់មងដែលជាបងថ្លៃគាត់ យកលុយទៅលោះចំនួន៥០ម៉ឺនរៀល ប៉ុន្តែស្ត្រីខាងលើគ្មានប្រាក់ ទើបនាយរងជលផលរូបនេះយកមងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំស្រែគរ ។
ស្ត្រីឈ្មោះ ហ៊ឹម ម៉ារី បានបន្តថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក វង្ស សាវឿន នាយរងខណ្ឌជលផលខេត្តស្ទឹងត្រែង ក៏បានឲ្យប្រជាពលរដ្ឋមកចូលរួមប្រជុំនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្រែគរ ដោយពួកគាត់បានចេញដំណើរពីលំនៅឋានរៀងៗខ្លួនពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១រសៀលទើបដល់ប៉ុស្តិ៍ និងរង់ចាំលោកវង្ស សាវឿនដល់ម៉ោង៤រសៀល បានគាត់មកដល់ ។ ស្ត្រីដដែលបន្តថា៖ មុនពេលកើតហេតុគាត់បានកាន់ទូរស័ព្ទ រួចចុចឡាយវីដេអូ ពីសកម្មភាពពលរដ្ឋច្រើននាក់មានជាសាច់ញាតិ និងញាតិភូមិយ៉ាងច្រើនកុះករ ប៉ុន្តែពេលកំពុងកាន់ទូរស័ព្ទ ឡាយវីដេអូ ក៏មានបុរសម្នាក់ឈ្មោះ ហៀង វិទូ (ឈ្មោះ ក្នុងហ្វេសប៊ុក) ត្រូវជាកូនប្រុសលោកក្រឡាបញ្ជីម្នាក់ នៅ សាលាដំបូងខេត្តបានដើរសំដៅមកកាន់គាត់ រួចបានសំឡុតមិនឲ្យថត មិនឲ្យឡាយវីដេអូ ដេញឆក់ទូរស័ព្ទ តែខ្លួន មិនព្រមធ្វើតាម ដោយសារការឡាយនេះជារឿងធម្មតាទីសាធារណៈខាងក្រៅ ក៏ឈ្មោះ ហៀង វិទូ ខឹងនិងទាញកាំ ភ្លើងពីកាបូបដែលកំពុងស្ពាយមកភ្ជង់ក្បាលរបស់ខ្លួន ។ ក្នុងហេតុការណ៍នេះ គាត់ជាស្ត្រីរងគ្រោះព្យាយាមរត់ហើយជនបង្កហេតុ ក៏បានកាន់កាំភ្លើងដេញ ប៉ុន្តែប្រជាពលរដ្ឋជាច្រើននាក់បានស្រែកជួយអន្តរាគមន៍ដេញចាប់ យ៉ាងប្រសេចប្រសាច រារាំងបង្អាក់ពីសកម្មភាព កុំឲ្យឈ្មោះ ហៀង វិទូ បាញ់ទៅលើគាត់ ទើបឈ្មោះ ហៀង វិទូ យកកាំភ្លើងនោះទៅឲ្យលោក វង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តទៅសៀតចង្កេះទុកវិញ។
ពាក់ព័ន្ធនឹងអំពើដ៏ឃោរឃៅខាងលើនេះ ជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី ក៏បានដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីនគរ បាលយុត្តិធម៌នៃស្នងការនគរបាលខេត្តក្នុងបទល្មើសជាក់ស្តែង ប្រព្រឹត្តនៅជិតទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្រែគរ និងប្តឹងទៅតុលាការ ក៏ដូចជាប្តឹងសូមការអន្តរាគមន៍ពីលោកអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីជួយ ផ្តល់ភាពយុត្តិធម៌ជាប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែរយៈពេលជិត២ខែមកហើយពុំមានដំណោះស្រាយ ទាំងតុលាការ ទាំងអាជ្ញាធរខេត្ត បានត្រឹមប្រាប់ថារឿងនេះកំពុងតែស៊ើប កំពុងស្រាវជ្រាវ ជួនក៏បិទទូរស័ព្ទ មិនលើកទូរស័ព្ទ ខណៈគាត់ជាជនរងគ្រោះព្យាយាមសួរនាំក្នុងរឿងនេះ ។
ស្ត្រីរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់ស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសំណូមពរទៅសមត្ថកិច្ច អាជ្ញាធរ តុលាការ ថ្នាក់លើ មេត្តាជួយដោះស្រាយរកយុត្តិធម៌ក្នុងរឿងនេះផង ខណៈ សកម្មភាពប្រព្រឹត្តរបស់ឈ្មោះ ហៀង វិទូ ជាជនបង្កហេតុ មានសាក្សីប្រជាពលរដ្ឋច្រើននាក់បានឃើញផ្ទាល់ភ្នែក ហើយមន្ត្រីនគរបាលប៉ុស្តិ៍ស្រែគរក៏ឈរនៅទីនោះ ជាបទល្មើសជាក់ស្តែង ហេតុអ្វីក៏ពុំបានឃាត់ខ្លួន ដើម្បីកសាង សំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង?
ពួកគាត់បន្តថា អយុត្តិធម៌នៅតែបន្តកើតមានក្នុងសង្គម បើអ្នកច្បាប់ អ្នកអនុវត្តច្បាប់ អាជ្ញាធរ ដែលជាអាណា ព្យាបាលរបស់ប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ រកដំណោះស្រាយទេនោះ គេចមិនផុតពីការរិះគន់នូវសង្គមអយុត្តិធម៌នៅក្នុងមូលដ្ឋានខាងលើនេះឡើយ ៕ មាស សុផាត