ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនមេក្លោងជួញដូរឆ្លងដែនម្នាក់ រួមនឹងថ្នាំញៀន២០គីឡូក្រាម នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មេក្លោងជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ទើបតែមានអាយុ២៤ឆ្នាំ បានធ្វើសកម្មភាពយកគ្រឿងញៀនចេញពីប្រទេសថៃចូលមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ ខេត្តព្រះវិហារ ត្រូវកម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង រឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ ២០ គីឡូក្រាម ។

យោងតាមរបាយការណ៍របស់មន្រ្តីជំនាញ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិសាស្រ្តខេត្តព្រះវិហារ ។

ប្រភពដដែលបន្តថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងកាពីវេលាម៉ោង២ និង២២នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោក រវសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ ក១ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីប្រទេសថៃចូលមកប្រទេសកម្ពុជាឆ្លងកាត់តាមច្រកអានសេះ) នៅចំណុច ដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជាលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ រឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ ២០ គីឡូក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាង សំណុំរឿងបន្តទៅតុលាការតាមនីតិវិធី ៕ស តារា


ចែករំលែក៖