ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជួលរថយន្តមួយគ្រឿងពីបុរសម្នាក់ឲ្យដឹកខ្លួនចំនួនបីថ្ងៃ ទើបតែបានមួយថ្ងៃ ធ្វើសកម្មភាពរឹតក និងវាយទៅលើជនរងគ្រោះប៉ោងមុខប៉ោងមាត់ប្លន់យករថយន្តមួយគ្រឿង មិនបានសម្រេចឆ្លៀតយកទូរស័ព្ទមួយគ្រឿងទៅបាត់រួចរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនគ្រោះមានឈ្មោះ មុំ សានភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់ផ្ទះលេខ ២១៥ ផ្លូវក្រុម១០ ភូមិដូនទាវ សង្កាត់ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោង ៣ និង ៤០នាទីរសៀល ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ មានបុរសម្នាក់បានខលមកគាត់ដោយប្រាប់ថា សុំជួលរថយន្តគាត់ចំនួន 3 ថ្ងៃក្នុងមួយថ្ងៃឲ្យតម្លៃ ៨០ ដុល្លារឲ្យដឹកមកភ្នំពេញ បន្ទាប់ពីបានខលនិងចរចាគ្នារួចមក ដោយជនសង្ស័យឲ្យរូបគាត់មកយកខ្លួនគេនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកសង្កែ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីជានសង្ស័យណាត់ឲ្យទៅយករួចមករូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7909 ទៅដឹកជនសង្ស័យដែលបានណាត់ឲ្យទៅយកភ្លាមៗ ។ រួចជនសង្ស័យបានប្រាប់រូបគាត់ថា ឲ្យដឹកខ្លួនមកក្រុងភ្នំពេញ ហើយគាត់បើករថយន្តដឹកជនសង្ស័យចេញពីខេត្តបាត់ដំបង បន្តមកក្រុងភ្នំពេញលុះបើកមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានប្រាប់រូបគាត់ថា ឈប់នៅទីនេះហើយរូបគេ នឹងចូលទៅយកភ្ញៀវម្នាក់ទៀតចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លុះមួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យដើរចេញមកវិញដោយម្នាក់ឯង ដោយប្រាប់រូបគាត់ថា ខុសជើងហោះហើរ រួចជនសង្ស័យក៏បានដើរចូលទៅក្នុងរថយន្ដរបស់គាត់វិញអង្គុយធ្វើដូចជាមិនដឹងរឿងអ្វី ។
ប្រភពបន្តថា ខណៈនោះរូបគាត់ក៏មិនចាប់អារម្មណ៍ទៅលើជនសង្ស័យនោះទេ បានអង្គុយនៅផ្នែកខាងមុខ និងដៃចង្កូតរថយន្តហើយសម្ងំដេកមួយភាំង លុះដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យមានឱកាសល្អបានយកខ្សែលួសចងរុំជាមួយឈើដែលជនសង្ស័យលាក់ទុកជាប់ នឹងខ្លួនមិនដឹងពេលណានោះទេ បានយកមករឹតកគាត់ពីក្រោយជាប់ហើយរូបគាត់ក៏បានដឹងខ្លួនរួចខំប្រឹងរើបំរះរួច និងបានតដៃជាមួយជនសង្ស័យមួយប្រ៉ាវ ហើយជនសង្ស័យក៏បានយកឈើដែលរុំជាមួយនឹងលួសយកមកវាយទៅលើមុខមាត់របស់គាត់ បណ្ដាលឲ្យប៉ោងមុខ ប៉ោងមាត់រងរបួសយ៉ាងដំណំ ។
ភ្លាមៗនោះ គាត់ក៏បានស្រែកឆោឡោធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ឆ្លៀតយកទូរស័ព្ទរូបគាត់មួយគ្រឿងម៉ាក OPPO F5 រួចរត់ខ្លួនបាត់ស្រមោល ។ បន្សល់ទុកតែសម្ភារសម្រាប់ធ្វើសកម្មភាពប្លន់នៅកន្លែងកើតហេតុប៉ុណ្ណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី ២ ងាយស្រួលការសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ