ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ដោយសារបើករថយន្តបុកទ្រូងផ្លូវនៅចំណុចស្តុបមេភ្លើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈបើករថយន្ត ទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្តុបមេភ្លើងផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាំង វាសនា អាយុ៣២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនជាមួយឪពុកមា ស្នាក់នៅផ្ទះលេខ2HB ផ្លូវលេខ201R សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-7332 តាមបណ្ដោយផ្លូវលេខ៣៦០ក្នុង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបកែងផ្លូវព្រះមុនីវង្ស បានបត់ឆ្វេងជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបុរសជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅតំកល់ទុកនៅវត្តទួលអស់លោកធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖