ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីអ្នកខេត្តស្វាយរៀងម្នាក់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គម ដោយសារធ្វើអំពើល្អជួយសណ្តោងរថយន្តខូច ពីភ្នំគូលែន រហូតទីរួមខេត្តសៀមរាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្រ្តីអ្នកខេត្តស្វាយរៀងម្នាក់ បានធ្វើមហាជនភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គម Facebook ដោយសារបានធ្វើរឿងគួរឲ្យកោតសរសើរមួយ ពេលនាងបានទៅលេងនៅលើភ្នំគូលែន ខេត្តសៀមរាប ដើម្បីបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមគ្រួសារជាពិសេស សុំឲ្យម្តាយរបស់ខ្លួន ឆាប់ជាសះស្បើយពីជំងឺ ។ ពេលដែលធ្វើដំណើរត្រឡប់មកវិញក៏ជួបរថយន្ត កាមេរីឆ្លាមមួយគ្រឿង កំពុងខូចកណ្តាលផ្លូវ ដោយមានមនុស្សជិះ ៦នាក់ ក្នុងនោះក៏មានស្ត្រី មានផ្ទៃពោះម្នាក់ផងដែរ ហើយក៏បានជួយសណ្តោង រហូតដល់ទីរួមខេត្តសៀមរាប ដើម្បីរកកន្លែងជួសជុល ។

បើតាម កញ្ញា មាស ឌីណា អាយុ៣៣ឆ្នាំ រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីពេលថ្មីៗ កន្លងទៅនេះកញ្ញា បាននាំម្តាយ និងបងប្អូនទៅធ្វើបុណ្យ ស្រោចទឹកនៅលើភ្នំគូលែន ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ជាពិសេសសុំឲ្យម្តាយឆាប់ ជាសះស្បើយពីជំងឺ ។

កញ្ញាបានបន្តថា នៅពេលដែលបានស្រោចទឹក និងធ្វើបុណ្យរួចមក កញ្ញា និងក្រុមគ្រួសារបានត្រឡប់មកទីរួមខេត្តសៀមរាបវិញ ខណៈជិះចេញពីលើភ្នំគូលែន បានបន្តិចក៏ប្រទះឃើញរថយន្តកាមេរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2C-5136 កំពុងខូចនៅតាមផ្លូវ ដោយមានមនុស្សជិះក្នុងរថយន្ត៦នាក់ ក្នុងនោះក៏មានស្ត្រី មានផ្ទៃពោះម្នាក់ផងដែរ ។

កញ្ញា មាស ឌីណា បានបន្តថា ដោយមានក្តីអាណិតអាសូរក៏ចុះទៅសួរនាំថា តើរថយន្តពូខូចអ្វីដែរ? ខណៈនោះអ្នកបើកបររថយន្តឆ្លាមឆ្លើយថា មិនដឹងខូចអ្វីទេ ដេរមិនឆេះសោះ ។ កញ្ញាក៏បានយករថយន្តរបស់ខ្លួន ជួយសណ្តោងរថយន្ត រួម និងមនុស្ស៦នាក់ ដើម្បីទៅរកជាងជួសជុលរថយន្ត តែដោយសារតាមផ្លូវ ពុំមានកន្លែងជួសជុល ហើយមេឃក៏ងងឹតទៀតនោះ ក៏សណ្តោងរហូតមកដល់ទីរួមខេត្តសៀមរាប ដោយមិនយកប្រាក់មួយរៀលឡើយ ។

កញ្ញាបានបង្ហាញអារម្មណ៍បែបសប្បាយរីករាយថា ការធ្វើបុណ្យមិនប្រកាន់ថា កន្លែងណាទេឲ្យតែចិត្តយើងជ្រះថ្លា ខណៈនៅពេលដែលឃើញគេ កំពុងជួបទុក្ខ និងដង្ហោយឲ្យយើងជួយនោះ យើងត្រូវតែជួយគេពេលនោះ ហើយបុណ្យពិតជាបានដល់យើង ដោយសារតែមានចិត្តបុណ្យ និងសប្បុរសក្នុងខ្លួន ៕ យឹម សុថាន


ចែករំលែក៖