ភ្នំពេញ៖ ហក់ចូលផលិតកម្ម Galaxy Navatra ភ្លាម តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឲ្យកក្រើកបទចម្រៀងផ្ទួនៗគ្នាបន្តបន្ទាប់ ។ តារាស្រីរូបនេះ គ្រោងបញ្ចប់ការងារច្រៀងពេលយប់ប្រចាំភោជនីយដ្ឋានមួយដើម្បីសន្សំពេល និងកម្លាំងបញ្ចេញស្នាដៃបទចម្រៀងថ្មីបំពេញចិត្តអ្នកគាំទ្រ ។
បទ បើមិនស្មោះស្រឡាញ់គ្នារកងាប់អី យល់ច្រឡំថាគេស្រឡាញ់យើង និងបទ គេនោះជាស្រីកាប់ដាវ បានធ្វើឲ្យអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ កញ្ញា តន់ ច័ន្ទសីម៉ា លេចមុខកាន់តែខ្ពស់ក្នុងទីផ្សារសិល្បៈ ។ បទចម្រៀងរបស់នាងត្រូវបានគេចូលស្តាប់ ចែករំលែក ច្រៀង និងសម្តែងតាមនៅលើបណ្តាញសង្គមនានាជាច្រើន ។ នាងពិតជាសប្បាយចិត្តខ្លាំងនឹកស្មានមិនដល់ចំពោះការគាំទ្រខ្លាំងពេលនេះដែលពេលខ្លះនាងហាក់បីដូចជាខ្លួនឯងកំពុងយល់សុបិន្ត ។
នាងថាទទួលបានការយកចិត្តទុកដាក់ខ្លាំងពីផលិតកម្ម ខ្លាំង ហើយពេលនេះនាងបានបញ្ចប់ការច្រៀងនៅភោជនីយដ្ឋានមួយហើយដើម្បីត្រៀមខ្លួនដើម្បីហ្វឹកហាត់បន្ថែមលើបទចម្រៀងថ្មីរបស់ផលិតកម្ម ។ នាងថាការផ្អាកច្រៀងនេះអាចធ្វើឲ្យនាងបាត់បង់ប្រាក់ចំណូលមួយផ្នែក ប៉ុន្តែនាងជឿជាក់ថា នឹងទទួលបានមកវិញនូវកម្មវិធីធំ ដូចជាការប្រគំតន្ត្រីជាច្រើនដែលផលិតកម្មបានរៀបចំទុក និងទទួលបានការអញ្ជើញរួចជាស្រេចពីអ្នកផលិតកម្មវិធី ដែលតម្លៃខ្លួននៃការចេញច្រៀងក៏ហក់ឡើងតាមនេះផងដែរ ។
នាងថាមិនត្រឹមតែជាបទមនោសញ្ចេតនាទេ សូម្បីបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ក៏បានត្រៀមដើម្បីបញ្ចេញក្នុងពេលខាងមុខ ស្របតាមការស្នើសុំ និងបំពេញចិត្តអ្នកគាំទ្រ ។ តារាចម្រៀងវ័យ២១ឆ្នាំរូបនេះលើកឡើងថា បទចម្រៀងទាំងនោះក៏នឹងផលិតចេញជាMV ដោយគ្រោងនឹងផ្តិតយកទិដ្ឋភាពទេសភាពស្រស់ត្រកាលប្លែកៗចែកជូនទស្សនិកជនផងដែរ ។
គួរបញ្ជាក់ដែរថាតារាចម្រៀងមកពីក្រុងដូនកែវ ខេត្តកែវ តន់ ច័ន្ទសីម៉ា បានហក់ចូលប្រឡូកក្នុងវ័យសិល្បៈកាលពីអំឡុងឆ្នាំ២០១៦ ខណៈឆ្នាំ ២០១៧ នាងបានចូលរួមប្រគួតក្នុងកម្មវិធីធំមួយរហូតទទួលបានការគាំទ្រច្រើន ។ កាន់តែល្បីឈ្មោះនោះគឺក្រោយពីនាងបានបោះជំហានចូលច្រៀងក្នុងផលិតម្ម Galaxy Navatra ខណៈដែលបទថ្មីៗរបស់នាងត្រូវបានសម្រិតសម្រាំង និងនិពន្ធដោយអ្នកនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់ ។
តារាស្រីរូបនេះលើកឡើងដែរថា នាងនឹងពង្រឹងការងារសិល្បៈចម្រៀងរបស់នាងឲ្យកាន់តែប្រសើរ និងស្វែងរកអ្វីដែលថ្មីសម្រាប់បំពេញការគាំទ្ររបស់ទស្សនិកជន ហើយក៏រំពឹងដែរថា ទស្សនិកជននឹងពេញចិត្តសម្រាប់ស្នាដៃថ្មីៗរបស់នាងផងដែរ៕ វឌ្ឍនា