ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីម្នាក់អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្ត បានរាយការណ៍ទៅព្រះចៅអធិការវត្ត ឲ្យហៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងស្រះទឹកវត្តនាគវន្ដ័ ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនដំបូងរូបគាត់បានដើរចូលទៅក្នុងវត្ត ហើយបានដើរកាត់ស្រះទឹក ស្រាប់តែប្រទះឃើញសពស្រ្តីម្នាក់បានអណ្ដែតក្នុងទឹក រួចបានរាយការណ៍ទៅព្រះចៅអធិការវត្ត ។
ប្រភពពត៌មានបន្តថា សពស្រ្តីរូបនេះមិនដែលឃើញមានបងប្អូនអីនោះទេ គឺគាត់តែងតែមកដេកនៅក្បែរស្រះទឹក ពេលគាត់ផឹងស្រវឹងម្ដងៗ ។ កាលពីថ្ងៃទី២៦មុនពេលកើតហេតុស្រ្តីរូបនេះបានផឹកទឹកត្នោតជូតាំងពីព្រឹករហូតដល់យប់ក៏បាត់គាត់ ស្រាប់តែនៅថ្ងៃទី២៧ ខែធ្នូនេះ ក៏ប្រទះឃើញសពគាត់អណ្ដែតនៅក្នុងស្រះទឹកនៅក្នុងវត្តនាគវន្ត័តែម្ដង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យ និងរៀបចំធ្វើកំណត់ហេតុ និងដឹកសពយកទៅបូជានៅវត្តទួលអស់លោក ៕ ជ្រោយពេជ្រ