ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមការងារប្រតិកម្មរហ័ស ខណ្ឌដូនពេញ សូមធ្វើការឆ្លើយបំភ្លឺ ចំពោះករណីមាន គណនីហ្វេសប៊ុកឈ្មោះ Ly Fu បានធ្វើការ Comments នៅលើហ្វេសប៊ុកផេករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ថា “គាត់ទារអោយពួកខ្ញុំអ្នករកស៊ីត្រូវបង់ប្រចាំខែអោយពួកគាត់ 200$/១ខែ)បើមិនបង់គាត់ឲ្យបិទអាជីវកម្ម…….”ប៉ុន្តែ រដ្ឋបាលខណ្ឌ គ្មានគោលការណ៍យកប្រាក់ ឬបង់សេវាផ្សេងៗ ដើម្បីជាថ្នូរនឹងការមិនអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឡើយ និងសូមធ្វើការបដិសេធទាំងស្រុងចំពោះករណីនេះ ហើយករណីជំរិតទារប្រាក់ជាបទល្មើសព្រហ្មទណ្ឌជាអាទិ៍ ។
រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងមតិសាធារណៈមេត្តាជ្រាបដូចជា: ចំពោះករណីសម្រេចបិទអាជីវកម្មលក់ស្រាក្រឡុក នៅផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កន្លងមក ដោយផ្អែកលើបញ្ហាមួយចំនួនរួមមាន៖
១-ពួកគាត់សាងសង់រោងហ្វេមដែករំលោភលើដីសួនច្បារសាធារណ:របស់រដ្ឋ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដែលត្រូវតែបិទ និងរុះរើចេញជាដាច់ខាត ។
២-ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀយរយសាធារណ:ធ្ងន់ធ្ងរ ព្រមទាំងបង្កភាពអនាធិបតេយ្យ ។
៣-បង្កសម្លេងរំខានខ្លាំងៗដល់អ្នករស់នៅជុំវិញទីតាំងនោះ ជាពិសេសទីតាំងនេះនៅក្បែរព្រះបរមរាជវាំង ដែលជាទីគង្គប្រថាប់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរនៃយើង ព្រះញាតិវង្ស និងមន្រ្ដីថ្នាក់ដឹកនាំ នៃព្រះបរមរាជវាំងផងដែរ ។
៤-អាជ្ញាធរសង្កាត់ បានចេញសេចក្តីជូនដំណឹង និងបានចុះទៅធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់ទីតាំងអាជីវកម្មទាំងអស់ ធ្វើការបិទអាជីវកម្ម និងត្រូវធ្វើការរុះរើសំណង់ហ្វែមដែក ដែលពួកគាត់បានសាងសង់ដោយខុសច្បាប់រំលោភទៅលើដីសួនច្បារសាធារណៈរបស់រដ្ឋដោយស្មគ្រ័ចិត្តខ្លួនឯង ប៉ុន្តែពួកគាត់ មិនព្រមចូលរួមអនុវត្តតាមការណែនាំ និងជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានឡើយ ។
ដូច្នេះ ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចជាធានាបាននូវភាពស្ងប់ស្ងាត់ជុំវិញព្រះបរមរាជវាំងផងនោះ រដ្ឋបាលខណ្ឌ ត្រូវតែចាត់វិធានការជាបន្ទាន់ និងអនុវត្តតាមផ្លូវច្បាប់ចំពោះការរំលោភបំពានសួនច្បារសាធារណៈផងដែរ ។
ប៉ុន្ដែរដ្ឋបាលខណ្ឌ សូមស្នើឲ្យសាម៉ីខ្លួន ឬអ្នករងគ្រោះលើករណីខាងលើ ដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬសមត្ថកិច្ចពាក់ព័ន្ធ ចំពោះបុគ្គលណាដែលបានប្រព្រឹត្តខុសច្បាប់ ឬដាក់ពាក្យបណ្ដឹងចូលមករដ្ឋបាលខណ្ឌដូនពេញ ដោយសូមបញ្ជាក់ឈ្មោះបុគ្គលនោះ ឬភស្ដុតាងពាក់ព័ន្ធផ្សេងៗ ដើម្បីរដ្ឋបាលខណ្ឌ ចាត់វិធានការរដ្ឋបាល និងអនុវត្តតាមច្បាប់ជាធរមាន ហើយរដ្ឋបាលខណ្ឌ សូមធានារក្សាការសម្ងាត់ចំពោះព័ត៌មាន ឬពាក្យបណ្ដឹងរបស់បងប្អូនទាំងស្រុង ៕ស តារា