ព័ត៌មានទាន់ហេតុការណ៍៖

យន្តធុនធំ ឡើងជែងបុកអ្នកបើកម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចខាងត្បូងខ្លោងទ្វារចូលវត្តអន្លង់ស្វាយចម្ងាយ១០០ម៉ែត្រ ក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាងរថយន្តដឹកទំនិញធុនធំ បុកម៉ូតូឌុបគ្នា២នាក់ប្តីប្រពន្ធ នៅវេលាម៉ោង ២ និង៤០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះខាន់ ភេទប្រុស អាយុ៦៨ឆ្នាំជាប្តី និងអ្នកបើកបរម៉ូតូម៉ាកហុងដា ស៊េរីចាស់ ពណ៌ព្រីងទុំ គ្មានស្លាកលេខ ពាក់មួកសុវត្ថិភាព បានស្លាប់ នៅ និងកន្លែងកើតហេតុ ចំណែកប្រពន្ធឈ្មោះរ៉ូ អាយុ ៤៨ឆ្នាំ រងរបួសធ្ងន់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងធុនធំ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលដល់កន្លែងកើតហេតុបានឡើងវ៉ាជែងរថយន្ត១គ្រឿងទៀត បានជ្រុលទៅបុកម៉ូតូ១គ្រឿងជិៈឌុបគ្នា២នាក់ប្តី ប្រពន្ធ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា ពីត្បូងទៅជើង បណ្តាលឲ្យប្តីអ្នកបើកម៉ូតូស្លាប់ រួចរថយន្តបានបើករត់គេចបាត់ ។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពណី ចំណែករថយន្តបង្កកំពុង ស្រាវជ្រាវ ៕ វណ្ណា


ចែករំលែក៖