ភ្នំពេញ ៖ ជនជាប់ចោទសរុប១៤៣នាក់ មានមកពីមណ្ឌលកែប្រែម១ចំនួន១១៦នាក់ មកពីមណ្ឌលកែប្រែម២ចំនួន២៣នាក់ និងមកពីមណ្ឌកែប្រែប៉េហ្សី ចំនួន៤នាក់ មានស្ត្រី៨នាក់ ត្រូវនាំយកមកកាត់ទោស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្របពេលតុលាការបើកសវនាការលើសំណុំរឿងក្រុមជនប្រដាប់អាវុធធ្វើបដិវត្តប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ដោយជនជាប់ចោទទាំងអស់នោះ មានជាប់ពាក់ពន្ធបទល្មើសផ្សេងៗ គ្នា ដូចជាបទល្មើសឧក្រិដ្ឋ លួច ឆក់ ប្លន់ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹង ពិសេសបទល្មើសគ្រឿងញៀនដែលសវនាការបានប្រព្រឹត្តពេញមួយថ្ងៃតែម្តង ។
ជាមួយគ្នានោះផងដែរសាលាដំបូងរាជធានីភ្នំពេញ បានលើកសំណុំរឿងក្រុមជនប្រដាប់អាវុធបង្កើតកងកម្លាំងធ្វើបដិវត្តប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល មកបើកសវនាការផងដែរ ដែលមានជនជាប់ចោទចំនួន១២នាក់សុទ្ធសឹងជាមនុស្សចាស់ជរា ។ ជនជាប់ចោទទាំង១២នាក់ រងនូវការចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និងបទធ្វើសន្និធិអាវុធដោយគ្មានការអនុញ្ញាតិតាមមាត្រា៤៨៥ មាត្រា៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។
នៅពេលសវនាការជនជាប់ចោទឈ្មោះ វន សុវ៉ាន់ ជាអតីតសង្ឃបានឆ្លើយសារភាពថា ខ្លួនបានបួសជាភិក្ខុសង្ឃចំនួន២០វស្សា ក្រោយមកក្នុងឆ្នាំ២០១៦ខ្លួនបានស្គាល់ឈ្មោះ សំ តាន់ ជាចាស់ទុំក្នុងមូលដ្ឋានដែលខ្លួនរស់នៅ ហើយឈ្មោះនេះបានបង្រៀនខ្លួនស្គាល់ពីប្រវត្តិសាស្ត្រដែលខ្លួនមានទស្សនៈដូចគ្នា និងឈ្មោះ សំ តាន់ ដែរ តែក្រោយមកពួកគេបានឡើងទៅប្រទេសថៃជួបប្រជុំជាមួយមនុស្សផ្សេងៗទៀត ដើម្បីរៀបចំផែនការបង្កើតកងកម្លាំងប្រមូលអាវុធត្រៀមធ្វើបដិវត្តិផ្ដួលរំលំរដ្ឋាភិបាលអស់ទៅ ។
លុះពេលខ្លួនត្រឡប់មកវិញឈ្មោះ រស់ សាវុន ហៅក្រូច បានមកវត្តទំនាក់ទំនងខ្លួនឲ្យជួយប្រមូលទិញកាំភ្លើងអាកា៤៧ ដោយឲ្យប្រាក់ចំនួន១៨៥០ដុល្លារអាមេរិកទិញបានកាំភ្លើង៦ដើមប្រគល់ឲ្យឈ្មោះ ក្រូច តែមិនដឹងគេយកទៅធ្វើអីទេ ។ ក្រោយមកមានគេផ្ញើសារឲ្យទៅចាំយកគ្រឿងបន្លាស់នៅផ្លូវ៥១ ហើយខ្លួនក៏ទៅជាមួយតាម៉ៅ ដោយជិះរថយន្តតាក់ស៊ី ពេលនោះបានឃើញកាំភ្លើង៣បាវ រាប់ទៅឃើញមាន២៥ដើម និងគ្រាប់មួយចំនួន ។
បន្ទាប់មកទៀតខ្លួនគេក៏បានយកកាំភ្លើង២៥ដើមនោះទៅកប់លាក់ទុកក្នុងដីរបស់ឪពុករហូតដល់ថ្ងៃបែកការណ៍សមត្ថកិច្ចចាប់ខ្លួនតែម្ដង ហើយឈ្មោះ វន សុវ៉ាន់ ឆ្លើយនៅក្នុងសវនាការថា ខ្លួនមិនស្គាល់ឈ្មោះ សំ សេរី ទេ ប៉ុន្តែនៅក្នុងចំណោមជនជាប់ចោទមានម្នាក់ឈ្មោះ ប៊ុន ប្រសើ ជាដៃស្ដាំរបស់មេចលនារណសិរ្យរំដោះជាតិខ្មែរ ។
ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលដកហូតបានកាំភ្លើង AK-47 ចំនួន២៥ដើម, អាវុធខ្លីមួយដើម, គ្រាប់បែក៤គ្រាប់, កាមេរ៉ា១គ្រឿង, កំព្យូទ័រ១គ្រឿង, ម្សៅក្រាមពណ៌ស១គីឡូក្រាម, ម្សៅពណ៌លឿង១គីឡូក្រាម, កាំជ្រូចដែលអាចកែច្នៃធ្វើគ្រាប់បែក, កែវឆ្លុះ៣គ្រឿង និងលិខិតឆ្លងដែន១ ។
ជនជាប់ចោទឈ្មោះ ប៊ុន ប្រសើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ និងបន្តចាប់ខ្លួនបក្ខពួកថែមទៀតនៅរាជធានីភ្នំពេញ ខេត្តកំពត និង ខេត្តពោធិ៍សាត់ រហូតដល់១២នាក់ ។ សវនាការត្រូវបានផ្អាកការសាកសួរដេញដោលហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលទៅថ្ងៃទី៣ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខទៀត ៕ស រស្មី