មីស៊ីលលឿនជាងគេបំផុតរបស់រុស្ស៊ីត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកង កម្លាំងមីស៊ីល ធ្វើឲ្យអាមេរិក និងសម្ពន្ធមិត្ត អឺរ៉ុប កាន់តែបារម្ភ ដោយមីស៊ីលនោះ មិនមានអ្វីអាចរារាំងបានឡើយ ពេលវាយប្រហារ ។
គម្លាតបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនរបស់អាមេរិក អាចដេញតាមរុស្ស៊ី លែងទាន់ហើយ ដោយសារតែទីក្រុងវ៉ាស៊ីនតោន មិនទាន់បានផលិតមីស៊ីលល្បឿនលឿនផង ស្រាប់តែរុស្ស៊ី បានដាក់ឲ្យប្រើប្រាស់មីស៊ីលល្បឿនលឿន នៅក្នុងជួរកងទ័ពរបស់ខ្លួនបាត់ទៅហើយ ។ កាលពីពេលថ្មីៗកន្លងនេះ រុស្ស៊ីបានដាក់ឲ្យប្រើប្រាស់កាំជ្រួចមីស៊ីល មានល្បឿនលឿនជាងគេសំឡេង រហូតដល់ទៅ២៧ដង ទើបធ្វើឲ្យអាមេរិក ដេកមិនលក់ ភ័យខ្លាចនឹងរុស្ស៊ី ។
កាំជ្រួចមីស៊ីលល្បឿនលឿន Avangard មានល្បឿនលឿនជាងសំឡេងដល់ទៅ២៧ដង បានដាក់ឲ្យប្រើប្រាស់ នៅក្នុងកម្លាំងទាហានរបស់រុស្ស៊ី កាលពីថ្ងៃទី២៧ ខែធ្នូ ។ មីស៊ីល Avangard មិនមានគូសត្រូវណាមួយអាចប្រៀបបាននោះឡើយ នៅលើលោកនេះ ហើយវាអាចចាក់ទម្លុះរាល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបៗ ដោយសារល្បឿនដ៏លឿនបំផុតរបស់វា ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានលើកឡើងថា កាំជ្រួចមីស៊ីល Avangard គឺជាបច្ចេកវិទ្យាល្បឿនលឿនដ៏ទំនើបបំផុត នៅលើពិភពលោក ។ ប្រព័ន្ធមីស៊ីលនេះ ធ្វើឲ្យអាមេរិកកាន់តែព្រួយបារម្ភខ្លាំងឡើង ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបង្កើនសមត្ថភាពការពាររបស់ផងដែរ ។
មីស៊ីល Avangard បានបំពាក់នៅលើមីស៊ីលឆ្លងទ្វីប ដើម្បីបាញ់ឡើងទៅលើលំហអាកាស ក្រោយមកវិលសំដៅមករកផែនដីវិញ ក្នុងល្បឿនលឿនជាងសំឡេង រហូតដល់ទៅ២៧ដង ។ នេះខុសពីមីស៊ីលធម្មតាដែលប្រព័ន្ធមីស៊ីលការពារ អាច ចាប់បាន ហើយវាយស្ទាក់បាន ។ ដោយឡែកមីស៊ីល Avangard ពេលផ្តាច់ខ្លួន ចេញពីមីស៊ីលឆ្លងទ្វីប នៅលើលំហអាកាស ហើយសំដៅមកគោលដៅ នៅលើផែនដីនេះ វាអាចបត់បែន និងគេចពីប្រព័ន្ធការពារ បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានលើកឡើងថា កាំជ្រួមមីស៊ីល Avangard បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយប្រគល់ឲ្យកម្លាំងមីស៊ីល ប្រចាំនៅតំបន់ Orenburg ភាគខាងត្បូង ភ្នំ Ural ។ មីស៊ីល Avangard អាចបំពាក់ក្បាលគ្រាប់ដែលមានកម្លាំងផ្ទុះស្មើ២ មីហ្គាតុន ។ មីស៊ីលនេះ អាចស៊ូនឹងកម្តៅដល់ទៅ២ពាន់អង្សាសេ ។
កន្លងមក រុស្ស៊ី ក៏បានដាក់ឲ្យប្រើប្រាស់កាំជ្រួចមីស៊ីល Kinzhal មានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ១០ដង ឬស្មើ១២ពាន់គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាអាចវាយប្រហារគោលដៅ នៅចម្ងាយ២ពាន់គីឡូម៉ែត្រ៕