ខេត្តកំពង់ស្ពឺ៖ ទូកុងតឺន័រមួយបានដាច់ចេញពីក្បាលសណ្តោងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ និងសមត្ថកិច្ចចុះទៅជួយសំរួលចរាចរណ៍ ។ ចាត់ទុកជាសមណាងណាស់ ដែលការដាច់ទូធ្លាក់មកដីនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺ ថៃ្ងទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើកំណាត់ផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ។
ប្រភពបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកទំនិញ កុងទីន័រមួយគ្រឿង ម៉ាក Hino ក្បាលពណ៌ស ស្លាកលេខ ភ្នំពេញ 3E-5215 ភ្នំពេញ របស់ក្រុមហ៊ុនផែស្ងួត អូរលែរ ដោយបានផ្ដាច់ទូកុងតឺន័ររ ធ្លាក់មកលើដី «ធ្លាក់ លើចិញ្ចើមថ្នល់ដីក្រហម» ។
លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមន បានឲ្យដឹងថា ករណីខាងលើគឺរថយន្ដដឹកទំនិញកុងតឺន័រនេះបើកបរក្នុងល្បឿនលឿនហើយជួប នឹងរថយន្ដមួយគ្រឿង បើកបញ្រ្ចាសទិសគ្នា ក៏គេចចូលវិញដោយការ បាត់ម្ចាស់ការធ្វើឲ្យរថយន្ដគ្រវីគ្រវាត់បណ្តាលឲ្យធ្លាក់ទូកុងតឺន័រតែម្ដង គាប់ជួនពេលនោះ គ្មានរថយន្ដឬអ្នកធ្វើដំណើរទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។
នៅព្រឹកថ្ងៃដដែល សមត្ថកិច្ចនគរបាលកំពុងជួយសម្របសម្រួលនៅគោលដៅកើតហេតុខាងលើ និងចំណាត់ការស្ទួចយករថយន្ដ និងទូកុងតឺន័រចេញ ដើម្បីចំណាត់ការនីតិវិធីបន្ដ ៕ សេនាស័ក្តិ