ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីការបរទេស ជប៉ុន និងរុស្ស៊ី ពិភាក្សាលើវិវាទដែនកោះ​អូសបន្លាយជាច្រើនទសវត្សន៍កន្លងមក

ចែករំលែក៖

ប្រជុំកោះគូរ៉ែល​ មានវិវាទ រវាងជប៉ុន និងរុស្ស៊ី ជាយូណាសមកហើយ នៅមិនទាន់ស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅឡើយទេ​ ។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងសមភាគីជប៉ុន កាលពីថ្ងៃទី២៧ ខែធ្នូ បានជួបពិភាក្សាគ្នា ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ លើបញ្ហាជម្លោះដែនដី កាលពីសម័យសង្រ្គាមលោកលើកទី២ ។

សហភាពសូវៀត បានចូលដណ្ដើមកាន់កាប់ប្រជុំកោះភ្នំភ្លើង ស្ថិតនៅភាគខាងជើង នៃកោះហុកកៃដូ (Hokkaido) របស់ជប៉ុន នៅថ្ងៃចុងក្រោយ នៃសង្គ្រាមលោកលើកទី២ និងបានរក្សាវត្តមានយោធា នៅទីនោះ ចាប់តាំងពីពេលនោះមក ។ នេះជាលើកទី៣ ហើយ ក្នុងរយៈពេល៤ខែកន្លងមកនេះ ដែលលោក Sergei Lavrov រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី និងសមភាគីជប៉ុន លោក Toshimutsu Motegi បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះ នៅលើដែនកោះចំនួន៤នោះ រួមមាន កោះ Kuril ជាដើម ដែលរុស្ស៊ីបន្ដកាន់កាប់ តាំងពីសម័យអតីតសហភាពសូវៀត ។

លោក Lavrov បានថ្លែង បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីជប៉ុនរបស់លោក នៅទីក្រុងមូស្គូ ថា “កិច្ចពិភាក្សានេះ មានលក្ខណៈស្ថាបនា និងមានសារៈសំខាន់ខ្លាំងណាស់” ។

ជាមួយគ្នានេះដែរ លោក Atsushi Kaifu អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានថ្លែងថា រដ្ឋមន្រ្ដីការបរទេសជប៉ុន និងរុស្ស៊ី បានជួបពិភាក្សាគ្នា អស់រយៈពេល៥ម៉ោង ហើយភាគីទាំង២ បានផ្ដោតយ៉ាងសំខាន់ទៅលើសន្ធិសញ្ញាសន្ដិភាព ។ ជប៉ុនចង់ឲ្យការពិភាក្សាគ្នានេះ ចេញជាផ្លែផ្កា ។

ការពិភាក្សាគ្នា រវាងរដ្ឋមន្រ្ដីការបរទេសទាំង២នេះ​ គឺដើម្បីស្វែងរកដោះស្រាយអំពីបញ្ហាទឹកដី ដែលមានជម្លោះ នៅជាប់គាំង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារតែការទាមទាររបស់ជប៉ុន ចំពោះដែនកោះយុទ្ធសាស្ត្រចំនួន៤ ដែលកងទ័ព សម័យសហភាពសូវៀត ចូលទៅកាន់កាប់ នៅថ្ងៃចុងក្រោយ នៃសង្គ្រាមលោកលើកទី២ ។ បច្ចុប្បន្ន កោះទាំងនោះ មានប្រជាពលរដ្ឋរស់នៅ ប្រហែ២ម៉ឺននាក់ ។

ដោយឡែក រុស្ស៊ី បានប្រើប្រាស់មូលដ្ឋានកងទ័ព នៅលើប្រជុំកោះទាំងនោះ ចាប់តាំងពីសម័យអតីតសហភាពសូវៀត ដែលបានចូលទៅកាន់កាប់ កាលពីសម័យសង្រ្គាមលោកលើកទី២ មកម៉្លេះ ។ ប៉ុន្ដែរហូតមកដល់ពេលនេះ កងទ័ពរុស្ស៊ី ក៏បានដាក់ ពង្រាយនូវប្រព័ន្ធមីស៊ីល នៅលើកោះទាំងនោះ ថែមទៀតផង ។

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងលោកនាយករដ្ឋមន្រ្ដី Shinzo Abe ក៏បានជួបគ្នាជាច្រើនលើកច្រើនសារួចមកហើយ ដើម្បីពិភាក្សាគ្នា ស្វែងដំណោះស្រយ លើបញ្ហាជាប់គាំងទាំងនោះ ។ ក្រៅពីនេះ ភាគីទាំង២ ក៏បានពិភាក្សាគ្នា អំពីសកម្មភាព សេដ្ឋកិច្ច នៅក្នុងតំបន់ផងដែរ៕


ចែករំលែក៖