ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែង នាយ ស្មាញ បាត់បង់ជីវិត ខណៈកំពុងឈប់រង់ចាំស្តុប ត្រូវរថយន្តដឹកដីល្បឿនលឿនទៅបុកម៉ូតូរបស់គាត់ពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង នាយ ស្មាញ បានបាត់បង់ជីវិតហើយ ខណៈកំពុងឈប់រង់ចាំស្តុប ស្រាប់តែត្រូវរថយន្តដឹកដីល្បឿនលឿនទៅបុកម៉ូតូរបស់គាត់ពីក្រោយ ។

ហេតុការណ៍ដ៏រន្ធត់មួយនេះកើតឡើងនៅវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៩ នេះនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចក្បែរក្រុមហ៊ុនលក់រថយន្ត Marcdes ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញមានម៉ូតូមួយគ្រឿងម៉ាក Honada Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6970 បើកបរដោយបុរស និងស្រ្តីម្នាក់ទឹសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខណៈពេលកំពុងឈប់រង់ចាំភ្លើងស្តុប ក៏ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាក Hyundai ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 3E-7789 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅស្របគ្នាក្នុងល្បឿនលឿនហើយបត់ស្ដាំ បណ្ដាលឱ្យរថយន្តកៀរម៉ូតូចូលក្រោមរថយន្តបណ្ដាលឱ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូស្លាប់ ចំណែកឯស្រ្តីជាអ្នករួមដំណើររងរបួសធ្ងន់ត្រូវបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ។ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សួន សុខហីម ហៅ នាយ ស្មាញ អាយុ ៦៨ឆ្នាំ ភេទប្រុស មុខរបរសិល្បៈករ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកទីតាំងកើតហេតុដើម្បីវាស់វែងរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯសាកសពសមត្ថកិច្ចប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖