ភ្នំពេញ៖ ម្ចាស់ជ័យលាភីលើកពានស្រីស្រស់ ប្រុស ស្អាត Frishie Boy & Girl ជាច្រើនរូបច្រើនជំនាន់រួមគ្នានឹងលេចមុខក្នុងការសម្តែងភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម ក្រុងពិជ័យ គឺរឿង សំណើច៦៥២គីឡូម៉ែត្រ ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសម្ពោធផលិតកម្មក្រុងពិជ័យ និងពិធីក្រុងពាលីចេញថតភាពយន្តនេះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋាន V- Friend ក្រោមវត្តមានសិល្បករ ផលិតរជាច្រើនចូលរួម ។
តារាដែលនឹងបង្ហាញវត្តមានក្នុងភាពយន្តខ្នាតធំលើកដំបូងរបស់ផលិតកម្មនេះមានដូចជា អតីត Freshie Girl 2016 កញ្ញា សួង ស៊ីធឿន , Freshie Boy 2015 និងជាMr. World Cambodia 2019 លោក អ៊ូ សំខាន់, Mr. Asian International 2019 លោក ឡៅ បញ្ញា, Mister Global 2018 លោក ឌី វ៉ាន់ដា, Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៨ លោក ប៊ុន កែវប្រាថ្នា និង Freshie Boy ចំណាត់ថ្នាក់លេខ២ ឆ្នាំ ២០១៨ លោក តុងលី ។ ក្រៅពីនេះក៏នឹងមានវត្តមានសម្តែងដោយ តារាសម្តែងល្បីៗជាច្រើនទៀតផងដែរដូចជា លោក ភី ម៉ៃ ,តារាកំប្លែង ផាង ផាង , អ្នកនាងលី ម៉ារីណាជាដើម ។
កញ្ញា សួង ស៊ីធឿន ដែលបាត់មុខពីសិល្បៈមួយរយៈនោះបានលើកឡើងថា នេះជាភាពយន្តថ្មីលើកដំបូងសម្រាប់នាងវិលរកការសម្តែងក្នុងឆ្នាំ២០២០ ហើយពិតជាថ្មីប្លែក ដែលសាច់រឿងនឹងតម្រូវឲ្យសម្តែងជាតួអង្គរសជាតិថ្មីៗបន្ថែមជាច្រើន ។ នាងថាមានតារាសម្តែងជើងចាស់ និងស្រីស្រស់ប្រុសស្អាតចូលរួមសម្តែងច្រើនដែលនឹងធ្វើឲ្យសាច់រឿងនេះកាន់តែល្អមើល ពិសេសនាងមានទំនុកចិត្តកាន់តែខ្លាំងក្រោយពីអានសាច់រឿង ហើយក៏ជាភាពយន្តដែលដឹកនាំដោយផលិតកវ័យក្មេងល្បីឈ្មោះគឺលោក ចាន់ណា រ៉ូណាន ។
អគ្គនាយកផលិតកម្ម ក្រុងពិជ័យ លោក ចាន់ណា រ៉ូណាន បានបញ្ជាក់ថា ភាពយន្ត សំណើច៦៥២គីឡូម៉ែត្រ ជាភាពយន្តបែបកំប្លែងថ្មីមួយប្រភេទ ដែលលោកសម្រិតសម្រាំងសាច់រឿងអស់រយៈពេលជាយូរឆ្នាំមកហើយ ទើបនឹងមានឱកាសថត ។ លោកថាភាពយន្តនេះនឹងរៀបរាប់អំពីការធ្វើដំណើររបស់យុវជនមួយក្រុមចេញពីភ្នំពេញទៅខេត្តនិងជួបនូវរឿងហួសចិត្តអស់សំណើចជាច្រើននៅតាមផ្លូវ ។ លោកថាភាពយន្តនេះនឹងត្រូវចាប់ផ្តើមផលិតពី ខែមករា ឆ្នាំ២០២០តទៅ ដោយគ្រោងចេញថតនៅរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តមណ្ឌលគិរី ។ លោកបន្តថាតារាសម្តែងក៏ត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែងដោយប្រុងប្រយ័ត្ន ហើយសុទ្ធសឹងតែជាតារាសម្តែងមានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហា ។
លោកហាក់មានជំនឿជាក់លើកការសម្តែងពួកគេខ្លាំងបើទោះបីជាពួកគេមិនមែនជាអ្នកចម្រៀងអាជីពក៏ដោយ ។ លោកនៅមិនទាន់បញ្ជាក់ពីទុនចំណាយច្រើនប៉ុណ្ណោះនោះទេ ប៉ុន្តែតាមរយៈការរៀបចំបម្រុងឧបករណ៍សម្ភារៈផលិតគឺមានច្រើនសម្បូរបែបដើម្បីឲ្យសាច់រឿងកាន់តែប្លែក ខណៈទីតាំងនៃការថតក៏មានច្រើន ។ លោករំពឹងថាផលិតកម្មថ្មីក្រោមស្នាដៃដឹកនាំរបស់លោកនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសអ្នកធ្លាប់ទស្សនា និងទុកចិត្តលើការដឹកនាំផលិតរបស់លោកផងដែរ ។
លោកបញ្ជាក់ដែរថា ផលិតកម្មថ្មីនេះនឹងធ្វើការចេញផលិតភាពយន្តខ្នាតធំចំនួន២រឿងប៉ុណ្ណោះក្នុងមួយឆ្នាំៗដើម្បីសម្រិតសម្រាំងគុណភាព និងស្របទៅតាមឱកាសទទួលបាន ម៉ោងចាក់បញ្ចាំងនៅលើរោងភាពយន្ត ៕ វឌ្ឍនា