ភ្នំពេញ៖ នារីម្នាក់ បានត្រឹមតែស្រែកយំបោកខ្លួនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ខណៈដែលក្រុមចោរធ្វើសកម្មភាពឆក់កាបូបរបស់នាងយកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខបុរីអ៊រគីដេ តាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រស្មី ភេទស្រី អាយុ ២៤ ឆ្នាំ ធ្វើការនៅផ្សាររតន:ផ្លាហ្សា ស្នាក់នៅម្ដុំស្ពានដែកចំការដូង ខណ្ឌមានជ័យ ។
តាមប្រភពពីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាអាយខុន ពណ៌សលាយទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BL-9005 ធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងត្រលប់ទៅកន្លែងស្នាក់នៅ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ បានជិះវ៉ាគាត់មកខាងស្តាំដៃ ហើយក៏ធ្វើសកម្មភាពឆក់កាបូបគាត់ បានសម្រេច បណ្ដាលឲ្យគាត់ដួលម៉ូតូរងរបួសជើងម្ខាង ។ ភ្លាមៗនោះជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
នារីរងគ្រោះបន្តថា សម្ភារបាត់បង់ក្នុងកាបូប៖ អត្តសញ្ញាណប័ណ្ណ១ សន្លឹក ; កាតATMមួយសន្លឹក ; លុយខ្មែរជាង ១០ ម៉ឺនរៀល ; ទូរស័ព្ទដៃ ២ គ្រឿង មួយគ្រឿងម៉ាក iphone 7 និងមួយគ្រឿងទៀតម៉ាក huawei ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចនាំខ្លួនជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យទាំងនោះយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី