ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ ford rangerជែងមិនប្រយ័ត្នបុករថយន្ដCAMRYបាឡែន មនុស្សស្រី៩នាក់ របួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដម៉ាកford rangerមួយគ្រឿងបើកបោះពួយជែងមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក CAMRYបាឡែនពេញមួយទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី៩នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវលេខ៣៤ ស្ថិតក្នុងភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្ដបង្កម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ2.2277 បើកបរដោយឈ្មោះសន សៅលី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកភាគីខាងរថយន្ដម្ខាងទៀតម៉ាក CAMRYបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AE-6511 បើកបរដោយឈ្មោះ ស៊ិន ចិន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ មានអ្នករួមដំណើរ៨នាក់ ១/ឈ្មោះ ហ៊ុន ចាន់ធីតា ភេទស្រី អាយុ៣៣ឆ្នាំ (របួសធ្ងន់) ,ទី២/ឈ្មោះ ស៊ីម រិទ្ធស័ក ភេទប្រុស អាយុ២ឆ្នាំ (របួសធ្ងន់) ,ទី៣/ឈ្មោះ ជិន សុខន ភេទស្រី អាយុ៣៤ឆ្នាំ (របួសស្រាល) ,ទី៤/ឈ្មោះ ហ៊ុន សារ៉ាត់ ប្រុសអាយុ៣០ឆ្នាំ (របួសស្រាល) ,ទី៥/ឈ្មោះ ហឿន ប៊ុនហ៊ុយ ភេទប្រុស អាយុ១០ឆ្នាំ (របួសស្រាល) ,ទី៦/ឈ្មោះ ហឿន ប៊ុនហៀង ភេទប្រុស អាយុ៨ឆ្នាំ (របួសស្រាល) ,ទី៧/ឈ្មោះ ស៊ីម សូលិកា ភេទស្រី អាយុ៨ឆ្នាំ (របួសស្រាល) និងទី៨/ឈ្មោះ ស៊ឹម វឌ្ឍនៈ ភេទប្រុស អាយុ៤ឆ្នាំ(របួសស្រាល) ។ ជនរងគ្រោះទាំង៩នាក់ខាងលើនេះ មានទីលំនៅភូមិព្រៃកន្រា ឃុំរលាំងកែនស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅថ្ងែកើតហេតុវេលាម៉ោង១៨និង៣០នាទី មានរថយន្ដមួយគ្រឿងម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ2.2277 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដបង្កខាងលើ ក៏បានបន្ថែមល្បឿនជែងរថយន្តបែនមួយគ្រឿងទៀតនៅខាងមុខ បើកស្របគ្នា តែវ៉ាមិនផុតក៏បានជ្រុលទៅបុកមួយគ្រឿងម៉ាក CAMRYបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-6511 ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យមនុស្សប្រុសស្រីក្មេងចាស់៩នាក់ ក្នុងរថយន្ដបាឡែន រងរបួសធ្ងន់ស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងវាស់វែង រួចសន្និដ្ឋានថា ករណីនេះ បណ្ដាលមកពីអ្នកបើកបររថយន្ត ford ranger បើកបរ ក្នុងស្ថានភាពស្រវឹង មានល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនមើលពីស្ថានភាពផ្លូវតូចចង្អៀត ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង។ ចំពោះវត្ថុតាងរថយន្ដទាំង២គ្រឿង កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖