ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់រួមជាមួយម្ចាស់ផ្ទះ បាននាំគ្នាចាប់ក្របួចជនសង្ស័យម្នាក់វាយមួយដៃមួយជើងឡើងទ្រមខ្លួនហើយប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជននោះបានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋបំណងលួចទ្រព្យសម្បតិ្ត កាលពីវេលាម៉ោង ៣ និង ២០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងនាយក្រិន លើផ្លូវ២០០៤ ស្ថិតភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សន សាមីត ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ រស់នៅភូមិទួលពង្រ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក លេត ពណ៌ខ្មៅ លាយផ្កាឈូក ពាក់ស្លាកលេខ កំពត 1M-6592 ជារបស់ជនសង្ស័យ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានជនសង្ស័យម្នាក់ជិះម៉ូតូទៅចតពីមុខផ្ទះ បន្ទាប់មកក៏ផ្លោះរបងចូល ប៉ុន្តែម្ចាស់ឃើញទាន់ស្រែកឆោឡោ រំពេចនោះជនសង្ស័យលោតរត់ចេញមកក្រៅ ក៏ត្រូវប្រជាពលរដ្ឋដេញតាមចាប់បានភ្លាមៗរួចវាយម្នាក់មួយដៃមួយជើង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យវាយខ្នោះយកទៅសាកសួរតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕ សុខា សែនជ័យ