ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់តាមចិញ្ចើមផ្លូវក្នុងថ្លុកឈាម សង្ស័យករណីឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមតាមចិញ្ចើមផ្លូវសង្ស័យជាករណីឃាតកម្ម (​យក​វត្ថុ​រឹង​វាយ​បណ្តាល​ឲ្យ​ស្លាប់​)​ ។ ហេតុការណ៍នេះ បានកើតកាលពី​វេលា​ម៉ោង​០៦​ និង​០០​នាទី​ ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ហាង​នាគ​ក្រហម​ ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។

នគរបាល​មូលដ្ឋានខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​មាន ឈ្មោះ​ ជា​ គឹ​ម​ហេង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ (​ស្លាប់​)​ ។ ​ចំណែកជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញជនរងគ្រោះរងរបួសធ្ងន់ដោយមានឈាមពេញខ្លួនហើយក៍រាយការមកនគរបាលប៉ុស្តិ៍អូរបែកក្អមចុះទៅពិនិត្យភ្លាមៗក្រោយមកសមត្ថកិច្ចបានដឹកជនរងគ្រោះទៅមន្ទីពេទ្យប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកទើបដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យតែម្តង ។ ក្រោយមកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

កម្លាំងអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​កំពុង​ស្រាវជ្រាវ​ករណីខាងនេះយ៉ាងយកចិត្តទុកដាក់ដើម្បី​តាមចាប់ខ្លួនជនដៃដល់យកមកផ្តាន់ទារទោសតាមផ្លូវច្បាប់ ៕ ចាន់ លីហ្សា


ចែករំលែក៖