ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួនមួយយប់ មួយថ្ងៃ ពេលរកឃើញ ក្លាយជាសពអណ្តែតទឹក

ចែករំលែក៖

ខេត្តកំពង់ចាម៖ កិច្ចប្រតិបត្តិការស្រាវជ្រាវ ករណីមនុស្សបាត់ពីផ្ទះដោយពុំដឹងមូលហេតុមួយបានធ្វើឡើងភ្លាមៗ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំកម្លាំងរបស់លោកវរសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន និងកំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ។សមត្ថកិច្ចទាំងពីរស្ថាប័នខាងលើបាន ធ្វើការស្រាវជ្រាវករណីខាងលើ ក្រោយពីការរកឃើញវត្ថុតាងបន្សល់ទុក និងការបំភ្លឺរបស់សាក្សីរហូត បានធ្វើការរុករក នៅក្នុងទឹកទន្លេតូច ដែលជាកន្លែងចុងក្រោយនៃការបាត់ខ្លួន។

មន្រ្តី្តនគរបាលព្រហ្មទណ្ឌស្រុកចំការលើបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង៩នាទីរសៀល ទើបសមត្ថកិច្ច និងបងប្អូនក្រុមគ្រួសារ រកឃើញសាកសព ឈ្មោះ ងិន បូរិន នៅចំណុចដងទន្លេតូច។

ក្រោយពីការរកឃើញសាកសព កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ និងបងប្អូនក្រុមគ្រួសារសព ស្រង់សពយកមកផ្ទះ។ បន្ទាប់មកបានបង្កើតគណ:កម្មាធិការ ត្រួតពិនិត្យសាកសព ដោយមានការចូលរួមពី លោកមេឃុំ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យបង្អែក គ្រូពេទ្យមណ្ឌល និងលោកមេភូមិផង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសពឃើញថា

១.ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ

២.ផ្នែក ក ពុំមានស្លាកស្នាមអ្វីទេ

៣.ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ

៤.ផ្នែកអវ:យវ: ពុំមានស្លាកស្នាមអ្វីទេ។

យោងតាមការធ្វើកោសល្យវិច័យ និងការបំភ្លឺរបស់គ្រួសារសព និងសាក្សី សន្និដ្ឋានបានថា៖ សាកសពឈ្មោះ ងិន បូរិន ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតខ្មែរ រស់នៅភូមិប៉ាក់ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយត្រួតពិនិត្យរួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖