ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅពេលនេះ បានសម្រេចប្រមាណ៣៧ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ ឥឡូវគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រហូតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៧ភាគរយហើយ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅមកដល់ពេលនេះ ការស្ថាបនា សម្រេចបានប្រមាណ៣៧ភាគរយហើយ ដោយក្រុមការងារយើងបាននិងកំពុងធ្វើគ្រឹះក្រោម ការសម្រុកជីកផ្លូវក្រោមដី និងការចាក់សសរស្ពានជាដើម។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ចំនួន២២លានដុល្លារអាមេរិក។

បើផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ការសាងសង់នេះ ត្រូវបានបែងចែកជា៣ផ្នែក គឺ ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរណ៍ពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរណ៍ក្រោមស្ពានមាន៥,៥ម៉ែត្រ។

ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និង ផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និង មួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។

ស្ពាន នឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្ដាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ សតារា


ចែករំលែក៖