ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់តាមដីកា បន្ទាប់ពីធ្វើសកម្មភាពកាន់កាប់ដីផ្លូវរបស់រដ្ឋខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់កាន់កាប់ដីផ្លូវសាធារណៈដោយខុសច្បាប់ ដែលប្រព្រឹត្តិនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងកំឡុងឆ្នាំ២០១៩នេះ ។

យោងតាមសមត្ថកិច្ចដែលចុះអនុវត្តន៍ដីកា បានឲ្យដឹងថា ការចាប់ខ្លួនលោក ស៊ុន នី អាយុ៥៨ឆ្នាំ បន្ទាប់ពីរូបលោក បានធ្វើសកម្មភាពកាន់កាប់ដីផ្លូវរបស់រដ្ឋប្រវែងប្រមាណជា ២៩ម៉ែត្រ ស្ថិតនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយមុនឈានដល់ការឃាត់ខ្លួន អាជ្ញាធរមូលដ្ឋាន បានព្យាយាមសម្របសម្រួលជាច្រើនសារ តែលោក ស៊ុន នី មិនព្រមសម្រួល និងអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ដោយពុំមានឯកសារអ្វីអះអាងនោះឡើយ ។

ពាក់ព័ន្ធការគ្រប់គ្រងដីដែលជាសម្បត្តិរបស់រដ្ឋ និងជារបស់សាធារណៈនេះលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានចេញសារាចរណែនាំដល់ប្រធាន អនុប្រធាន និងចៅក្រម ព្រមទាំងព្រះព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៅទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្ន និងពិនិត្យពិច័យឱ្យច្បាស់លាស់ទៅលើរឿងក្តីពាក់ព័ន្ធវិវាទដីធ្លី ជាពិសេសដីធ្លីពាក់ព័ន្ធកម្មសិទ្ធិរបស់រដ្ឋ ឬដីជាសម្បត្តិសាធារណៈ ។

លោករដ្ឋមន្ត្រី បានក្រើនរំលឹកដែរថា គ្រប់រឿងក្តីទាំងអស់ដែលមានកម្មវត្ថុពាក់ព័ន្ធនឹងដីដែលចាត់ទុកជាដីរដ្ឋ តាមស្មារតីនៃអនុក្រឹត្យឆ្នាំ២០០៥ ស្តីពីកា្រគ្រប់គ្រងដីរដ្ឋ ព្រះរាជអាជ្ញាត្រូវតាំងខ្លួនជាភាគីក្នុងរឿងក្តី ដើម្បីការពារដីរដ្ឋដែលជាប្រយោជន៍សាធារណៈ និងសង្គម។ ក្នុងសារាចរនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវចំពោះការមិនអនុវត្តឱ្យបានត្រឹមត្រូវតាមបញ្ញត្តិច្បាប់ និងសារាចរណែនាំ។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៍មានក្នុងស្រុកទទួលបាននៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា លោក ស៊ុន នី ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ និងទន្ទ្រានត្រួតត្រាប្រើប្រាស់ ដោយសាងសង់សំណង់ ឬការយទាំងឡាយបំពានលើដីផ្លូវរបស់រដ្ឋ ។

ក្នុងដីកា បានបញ្ជាក់ថា បទល្មើព្រហ្មទណ្ឌនេះ កំណត់ផ្តន្ទាទោសតាមមាត្រា ២៤៨, ២៥៩ នៃច្បាប់ភូមិបាល និងមាត្រា ៧៤នៃច្បាប់ផ្លូវថ្នល់ ។ មាត្រា ២៥៩នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ដល់ ៥០លានរៀល និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ។ ចារី (អ្នកប្រព្រឹត្តផ្ទាល់) ត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់។ ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬ ការរៀបចំ ដែលបានធ្វើលើទ្រព្យនោះឡើយ។

ដោយឡែកមាត្រា៧៤ នៃច្បាប់ផ្លូវថ្នល់ បានចែងថា ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ១លានរៀល និងតម្រូវឱ្យរុះរើចេញនូវសំណង់ ឬការ្យទាំងឡាយនោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ៤លានរៀល ។

បច្ចុប្បន្នជននេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចៅក្រមដំណើរការក្តីទៅតាមនីតិវិធី នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៕ស រស្មី


ចែករំលែក៖