ភ្នំពេញ៖ អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អាំងទែកុងទីណង់តាល់ ឬហៅថា អ៊ិនធើខន ដែលបច្ចុប្បន្នត្រូវបានស្គាល់ថា ឌឹ ហ្រ្គេតឌុក(The Great Duke)បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ។
តាមឲ្យដឹងរបស់សន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលយាមកាមក្នុងសណ្ឋាគារ ឌឹ ហ្រ្គេតឌុក បានឲ្យដឹងថា ទីតាំងមួយនេះត្រូវបានបិទទាំងស្រុង និងមិនមានបុគ្គលិកណាម្នាក់មកធ្វើការទៀតទេ ក្រៅពីក្រុមសន្តិសុខប្រហែល ៥ទៅ៦នាក់ តែប៉ុណ្ណោះ។ ប្រភពដដែលបានឲ្យដឹងថា ពីមុនមកពេលសណ្ឋាគារនៅពេលបើកដំណើរការ បុគ្គលិកខ្លះបើកប្រាក់ខែជាប្រាក់សុទ្ធ និងមួយចំនួនផ្សេងទៀតបើកតាមរយៈធនាគារ ហើយការបិទលើកនេះ គឺមិនមែនមានការផ្លាស់ប្តូរថៅកែដូចមុននោះទេ គឺក្រុមហ៊ុនជាអ្នកសម្រេចបិទតែម្តង ព្រោះមិនសូវមានភ្ញៀវចូលមកស្នាក់នៅច្រើនដូចមុន ហើយក៏គ្មានភ្ញៀវចូលមកទទួលទានអាហារទៀតដែរ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់ថ្នាក់ដឹកនាំសណ្ឋាគារខាងលើកាលពីពេលកន្លងទៅនេះ បានបញ្ជាក់ថា ចំពោះមូលហេតុនៃការបិទដំណើរការសណ្ឋាគារមួយនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ច ហើយបុគ្គលិកទាំងអស់ត្រូវឈប់សម្រាកចាប់ពីថ្ងៃចេញសេចក្តីប្រកាស។ តែយ៉ាងណាក៏ដោយ សណ្ឋាគារនេះ អះអាងថា នឹងធ្វើការដោះស្រាយជូនបុគ្គលិករបស់ខ្លួនជាមួយក្រុមហ៊ុនមេធាវីនូវអត្ថប្រយោជន៍នានាផងដែរ។
ជុំវិញបញ្ហានេះ ឯកឧត្តម តុប សុភ័ក មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងមិនទាន់បានទទួលលិខិតពីការប្រកាសបិទទ្វារ ឬផ្អាកដំណើរការណាមួយពីសណ្ឋាគារមួយនេះនៅឡើយទេ ដោយសុំឲ្យទាក់ទាកទងទៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញវិញ ព្រោះជាដែនរបស់មន្ទីរ។
យ៉ាងណាក៏ដោយលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់ថា ទាក់ទងព័តមាននេះខាងមន្ទីរលោក ក៏មិនទាន់បានទទួលលិខិតផ្លូវការណាមួយពីការបិទសណ្ឋាគារនេះទេ ក៏ប៉ុន្តែសណ្ឋាគារលំដាប់ផ្កាយបែបនេះ គឺជាសមត្ថកិច្ចថ្នាក់ជាតិ ព្រោះសណ្ឋាគារមានបន្ទប់ច្រើនលើសពីសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរទៅហើយ។
សូមរម្លឹកថា សណ្ឋាគារ ឌឹ ហ្រ្គេតឌុក ធ្លាប់មានបាតុភាពបុគ្គលចេញតវ៉ារឿងបើកប្រាក់ខែយឺតយ៉ាវ ដោយបុគ្គលិកបានធ្វើពហិការមិនធ្វើការនិងកាន់បដាតវ៉ានៅមុខសណ្ឋាគារនេះ។ ក្រោយមកទៀតដោយមានការសម្របសម្រួលបុគ្គលិកក៏ព្រមចូលធ្វើការវិញ ជាមួយនឹងលក្ខខណ្ឌដែលអ្នកគ្រប់គ្រងសណ្ឋាគារបានផ្ដល់ជូន ។ តែលើកនេះសណ្ឋាគារបានប្រកាសបិទដំណើរការនិងបានប្រកាសពីមូលហេតុនេះការបិទទ្វារដោយសារតែបញ្ហាសេដ្ឋកិច្ច។ សូមបញ្ជាក់ទៀតថា ចំនួនសណ្ឋាគារលំដាប់ផ្កាយ១ ដល់ផ្កាយ៥នៅកម្ពុជា មានចំនួនសរុប ១៥២សណ្ឋាគារ ក្នុងនោះមានបន្ទប់សរុបចំនួនជាង ១ម៉ឺន ៧ពាន់បន្ទប់ ។ ដោយឡែកសណ្ឋាគារផ្កាយ៥ទូទាំងប្រទេស មានចំនួន ៣៦សណ្ឋាគារ បន្ទប់សរុបចំនួនជាង ៨ពាន់បន្ទប់។ នៅភ្នំពេញមានសណ្ឋាគារផ្កាយ៥ មានចំនួន៧ គិតទាំងសណ្ឋាគារ ឌឹ ហ្រ្គេតឌុក ដែលមានបន្ទប់សរុបជិត ២ពាន់បន្ទប់ឯណោះ ៕ ស តារា