ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខនគរបាលបើកបុកម៉ូតូ២គ្រឿងជ្រុលបុកឡើងសួនចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងបណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបាន បើករថយន្តយ៉ាងលឿន ជ្រុលបុកពីក្រោយម៉ូតូ២គ្រឿង រួចរថយន្តជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀត ក្រទ្បាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៥នាក់រងរបួស ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងត្បូងសាលាបឋមសិក្សាបាក់ខែង ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូពីរគ្រឿង ១គ្រឿងម៉ាក AEROK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HW-7866 បើកបរដោយប្តីប្រពន្ធ និង១គ្រឿងមទៀតម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HT-8707 បើកបរដោយនារីពីរនាក់ និងក្មេងប្រុសម្នាក់ ។

ដោយម៉ូតូទាំងពីរគ្រឿងបានបើកបណ្តើរគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ទើបតែចេញពីចូលរួមអបអរសាទរឆ្លងឆ្នាំសកល នៅវិមានឈ្នះៗ បំណងទៅដើរលេងបន្ត នៅអូតែលសុខា ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក ១គ្រឿងម៉ាកតូយូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2-2638 បើកបរដោយបុរសម្នាក់ យ៉ាងលឿនជ្រុលបុកពីក្រោយម៉ូតូទាំងពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ ដែលជិះម៉ូតូ AEROKរងរបួសធ្ងន់ ចំណែកបួននាក់ផ្សេងទៀត បានរងរបួសស្រាល ។

ចំណែករថយន្តបង្ក នៅមិនទាន់អស់ល្បឿន បានជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀត ក្រឡាប់ផ្ងារជើង រីឯអ្នកបើកបរបានរងរបួសស្រាល ភ្លាមៗនោះ មានរថយន្តសង្គ្រោះបន្ទាន់ បានមកដល់ដឹកយកជនរងគ្រោះទាំង៥នាក់ ទៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរ ឲ្យចុះមកវាស់វែង ស្ទូចរថយន្តបង្ក និងម៉ូតូទាំងពីរគ្រឿង ព្រមទាំងនាំខ្លួនអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖