ភ្នំពេញ៖ បុរស២នាក់ជាអ្នករត់ម៉ូតូកង់បី មើលមុខគ្នា បែរជាម្ខាងចោទថា ឌឺម្ខាង ផ្ទុះហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសរៀងខ្លួន ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអប់រំនៅប៉ុស្តិ៍ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៦ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា ដោយសារការមិនយល់យោគគ្នា ចិត្តខ្លាំងជាងខ្លា បុរស ២នាក់បើកម៉ូតូកង់បី ផ្សេងគ្នាសោះ ហើយនៅម៉ោងកើតហេតុ ម៉ូតូកង់បីមួយគ្រឿង បើកទៅត្រង់មានមួយគ្រឿងទៀត បត់ឆ្លងផ្លូវ ហើយមើលមុខគ្នាកើតជាកំហឹង ខឹងម្ខាងចោទម្ខាងថាឌឺ ឈប់ម៉ូតូរៀងៗខ្លួន ម្ខាងទាញបានកូនសោ ម្ខាងទាញបាន បន្ទះម្នាងសិលា បើកឆាកវាយគ្នា បណ្តាលឲ្យភាគីម្ខាងបែកក្បាលហូរឈាម ម្ខាងពកក្បាល បង្កឲ្យការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ សមត្ថកិច្ចចុះឃាត់នាំយកទៅអប់រំ សម្របសម្រួលនៅប៉ុស្តិ៍គោកឃ្លៀង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំ ភាគីទាំង២ទៅដល់ប៉ុស្តិ៍ ឲ្យសម្របសម្រួលគ្នាដោយភាគីខាងអត់បែកក្បាល សុខចិត្តជួយចេញ ៤០ដុល្លារ ថ្លៃថ្នាំព្យាបាល ឯកភាពគ្នាដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ