ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនជនបង្កដែលបើកឡានបុក នាយស្មាញ ស្លាប់ នៅផ្លូវ៦០ម៉ែត្រ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សែម គន្ធា ថ្លែងប្រាប់នៅថ្ងៃទី១ខែមករា ឆ្នាំ២០២០ នេះ ថា ជនបង្កដែលបើកឡានបុក នាយស្មាញ ស្លាប់យ៉ាងអាណោចអាធ័ម និង របួសធ្ងន់ម្នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានលោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ ។

សូមបញ្ជាក់ថា នគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនបង្កភ្លាមៗ ក្រោយបើករថយន្តដឹកដីបុកម៉ូតូបណ្តាលអោយ នាយស្មាញ ជាតារាកំប្លែង ស្លាប់នៅកន្លែងកើតហេតុ និង អ្នកជិះពីក្រោយរងរបួសធ្ងន់ម្នាក់ ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលា១៦៖៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវ៦០ម៉ែត្រកែង៣០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច អះអាងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីត្បូងទៅជើងបត់ស្តាំ ក៏បានបុកជាមួយម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1D-6970 បើកបរដោយឈ្មោះ សួន សុខហ៊ីម ហៅ ស្មាញ ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ និង អ្នកជិះពីក្រោយម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា ៕ ចេស្តា


ចែករំលែក៖