ព័ត៌មានទាន់ហេតុការណ៍៖

ចោរវ័យក្មេងឆក់ទូរស័ព្ទ បុរសស្បែកខ្មៅបានសម្រេច តែគេចមិនផុតជាប់ខ្នោះម្នាក់ ម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីរូបគេបានបែកគំនិតធ្វើជាចោរឆក់ទូរស័ព្ទ បុរសជនជាតិស្បែកខ្មៅម្នាក់កំពុងជិះឡំប្រឺតាជាមួយប្រពន្ធបានសម្រេចហើយ តែត្រូវជនរងគ្រោះស្រែឆោឡោផ្អើលសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមក្របួចជាប់ម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្ទះសំណាក់យីហោ”សុភមង្គល” ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ លី តាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅផ្ទះ២១៣ ផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ និងបក្ខពួកម្នាក់ដែលរត់គេចខ្លួននោះ ឈ្មោះ ស៊ី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC-7271(ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព) ។ ចំណែកជនរងគ្រោះឈ្មោះមិនស្គាល់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិបរទេសស្បែកស (មិនបានដាក់ពាក្យបណ្តឹង) ។

មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាជនជាតិបរទេសស្បែកស ភេទប្រុស អាយុប្រហែល៤០ឆ្នាំ រួមជាមួយប្រពន្ធ បានជិះឡំប្រឺតាមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ពីទិសខាងជើងទៅទិសខាងត្បូង ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យឈ្មោះលី តាន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ស៊ី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ស មកពីក្រោយ ហើយជនសង្ស័យឈ្មោះ លី តាន ដែលជាអ្នកបើកម៉ូតូបានបើកទៅអែបខាងឆ្វេងជនរងគ្រោះ រួចជនសង្ស័យឈ្មោះស៊ី ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចតែម្តង ។ ភ្លាមនោះជនសង្ស័យភ័យក៏ជិះម៉ូតូគេចខ្លួន ហើយជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលកំពុងល្បាតឃើញ បានជួយធ្វើអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះលី តាន រួមជាមួយម៉ូតូជិះធ្វើសកម្មភាពយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១តែម្តង ។ រីឯជនសង្ស័យម្នាក់ឈ្មោះ ស៊ី បានរត់គេចខ្លួនបាត់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីកើតហេតុជនរងគ្រោះជាជនជាតិបរទេសស្បែកស បានដណ្តើមទូរស័ព្ទរបស់ខ្លួនវិញ រួចក៏ជិះឡំប្រឺតាបន្តដំណើរទៅមុខបាត់ ដោយពុំបានដាក់ពាក្យបណ្តឹងនោះទេ ។

ក្រោយកើតហេតុចំពោះមុខកម្លាំងប៉ុស្តិ៍ ខណ្ឌ កំពុងប្រើវិធានការជំនាញសួរចម្លើយ ដើម្បីស្រាវជ្រាវរកបក្ខពួកដែលបានរត់គេចខ្លួន និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ស រស្មី


ចែករំលែក៖