ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពដេញកាបយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបបងស្រីមិត្តភក្តិ២នាក់ទៀតមកពីដើរលេង រួចជូនទៅផ្ទះវិញ ហើយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ទល់មុខនឹងស្តុបទួលពង្រ តាមបណ្ដោយផ្លូវចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើឈ្មោះ មុំ ម៉េងអៀន ភេទប្រុស អាយុ២១ឆ្នាំមុខរបរធ្វើការកាស៊ីណូ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិតំណាក់ចារឃុំ ចិញ្ចើម ស្រុកឃ្បូងឃ្មំ ខេត្តឃ្បួងឃ្មុំ ។
តាមប្រភពពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តមិត្តបានឌុបបងប្អូនស្រីមិត្តភក្តិ២នាក់មកពីដើរលេងនៅម្តុំមុខវាំង ហើយក៏ជូនបងស្រីមិត្តភក្តិ២នាក់ខាងលើ ទៅផ្ទះជួលនៅម្តុំភូមិអូដឹម ផ្លូវជាតិលេខ៤ ។ បន្ទាប់មកជនរងគ្រោះ២នាក់មិត្តភ័ក្តិបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1h 8082 ឌុបគ្នាមកផ្ទះខ្លួនឯងវិញនៅម្តុំផ្សារស្ទឹងមានជ័យ ។
ជនរងគ្រោះបន្តថា លុះធ្វើដំណើរមកតាមបណ្តោយផ្លូវចោមចៅ នៅចំណុចស្តុប ទួលពង្រ ស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ មិនចាំស៊េរី ចំនួន២គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល រួចជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានយកកាំបិតបុ័ងតោ មកដេញជនរងគ្រោះ បណ្តាលឲ្យភ័យរត់ចេញពីម៉ូតូ ។
ប្រភពដដែលបន្តថា ស្របពេលនោះ ជនសង្ស័យម្នាក់ទៀតក្នុងចំណោមនោះ ក៏បានមកលើកយកម៉ូតូជនរងគ្រោះ ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ខណៈពេលភ្លាមៗជនរងគ្រោះត្រូវបានអ្នករត់ម៉ូតូឌុបបានដឹកជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ចោមចៅទៅ៣ ហើយបន្ទាប់មកសមត្ថកិច្ចបានសួរនាំ ដោយដឹងថា ចំណុចកើតហេតុ មិនមែនប៉ុស្តិ៍ចោមចៅ៣ សមត្ថកិច្ចក៏បានឱ្យជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍ចោមចៅ១វិញ ៕ សុខាសែនជ័យ