ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ជ្រើសរើសយក រាជធានី ខេត្តចំនួន៤ ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើងវិញ តាមការិយាល័យ ច្រក ចេញចូលតែមួយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី ខេត្តចំនួន៤ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើង វិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដោយធានានូវការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយ ស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ ។

កិច្ចពិភាក្សានេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួង មហាផ្ទៃ និងជា ប្រធានក្រុមការងារអន្តរក្រសួង ។

លោក ប្រាក់ សំអឿន បានឲ្យដឹងថា ក្រសួង មហាផ្ទៃ បានសម្រេចជ្រើស រើសយករាជធានី ខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ ។

លោកបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយ មានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះ ថា ការ ដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័ស និងប្រកបដោយគុណភាព ។ កន្លងមកនេះ ប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាងលើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួនក្នុងការផ្តល់សេវាមិន បានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ជា មួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើន ដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម ។

សូមបញ្ជាក់ថា៖ ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ ២០១៧មក ដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួន ជាង៣១០០០ សេវា ហើយទទួលបានទឹកប្រា០ក់ចូលថវិកាជាតិជាង ៤៧៤៤លានរៀល៕ សំរិត


ចែករំលែក៖