ភ្នំពេញ៖ បុរសម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៩ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វា ស្ថិតភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាមានឈ្មោះ ហេង ពុទ្ធីយ៉ា អាយុ ៣១ ឆ្នាំ រស់នៅភូមិអូរអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពពត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-1065 មកឈប់ត្រង់ចំណុចកើតហេតុបំរុងលោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចចរាចរនៅគល់ស្ពានឃើញទាន់ក៏ឃាត់ រួចរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីសាកសួរព្រមទាំងស្វែងរកសាចញាតិ ដោយឃើញមានអ្នកសារព័ត៌មានព្រោងព្រាតបុរសគិតខ្លីរូបនេះបាននិយាយថាខ្លួនគ្រាន់តែមកមើលស្ពានប៉ុណ្ណោះ ហើយនៅលើខ្លួនជនរងគ្រោះមានពាក្យបណ្តាំថា៖សូមអរគុណដែលអ្នកម្តាយចង់ឲ្យកូនល្អជាតិនេះខ្ញុំមិនបានសងគុណម្តាយចាំជាតិក្រោយណាម្តាយ សូមជួយ Call ទៅម្តាយខ្ញុំផងសូមអរគុណ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំបុរសរូបនោះទៅសាកសួរ និងទាក់ទងទៅបងប្អូនឲ្យនាំត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ