ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងឆ្នោតវៀតណាមដ៏ធំមួយខាងក្រោយផ្សារជម្ពូវ័ន បើកកត់យ៉ាងរលូន ខណៈមិនទាន់ឃើញអធិការទើបឡើងកាន់តំណែងថ្មីបញ្ចេញស្នាដៃ

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមខុសច្បាប់​ ដ៏ធំមួយ​ ដែលមានទីតាំងនៅខាងក្រោយផ្សារជម្ពូនវ័ន​ ស្ថិតក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងបើកលេងយ៉ាងរលូនដោយមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបចាំមើលតើលោក​ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍ដែលទើបនឹងឡើងកាន់តំណែងថ្មីអាចមានសមត្ថភាពបង្ក្រាបទីតាំងឆ្នោតខាងលើនេះទេ និងអាចទាញចិត្តពលរដ្ឋបានដែរឬទេ?

គេសង្កេតឃើញថា​ ទីតាំងខាងលើនេះក្រុមទាំងនោះបានអង្គុយកត់កន្ទុយលេខវៀតណាមដោយបើកចំហរមិនញញើតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិចដោយសង្ស័យថា មានអ្នកធំនៅក្រោយខ្នងទើបអាជ្ញាធរមិនហ៊ានទៅក្បែរបែបនេះ​ ដោយផ្ទុយពីគោលនយោបាយរាជរដ្ឋាពិបាល​ ភូមិឃុំមានសុវត្ថិភាព ។

ថ្មីៗនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទ ។

តែបែរជាទីតាំងខាងលើនេះ ហ៊ានបើកលេងយ៉ាងចំហរបែបនេះ ដោយផ្គើននឹងបទបញ្ជារបស់លោកប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ ។

ជាមួយគ្នានេះផងដែរ ក្រុមការងារការសែននគរវត្តបានទាក់ទងទៅលោក​ ម៉ន​ វុធី​ អធិការដែលទើបនឹងឡើងកាន់តំណែងថ្មី​ តាមប្រព័ន្ធសង្គមវត្តស្អាប់​ តែលោកមិនមានការឆ្លើយតបនោះទេ ។ ដោយឡែក លោកហែម​ ដារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌ​ បានឆ្លើយតបតាមរយះតេឡេក្រាមយ៉ាងខ្លី​ ថា​ ទទួលបាន ។

ចាំមើលតើលោក ហែម ដារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក​ ម៉ន​ វុធី​ អធិការនគរបាលដែលទើបឡើងកាន់តំណែងថ្មី អាចបង្ក្រាបក្រុមល្បែងទាំងនេះ បានដែរឬទេ​ ដើម្បីគោរពតាមបទបញ្ជាលោកអភិបាលរាជធានី ៕ សុខាសែនជ័យ


ចែករំលែក៖