ភ្នំពេញ៖ សភាពស្ងាត់ជ្រងំរបស់ពិធីបុណ្យសពអ្នកចម្រៀង ស៊ីន សេដ្ឋកុល ជាចៅប្រុសអធិរាជសំឡេងមាសស៊ីន ស៊ីសាមុត កាន់តែធ្វើឲ្យគេខ្លោចចិត្តអាណិតដល់ក្រុមគ្រួសារអភ័ព្វមួយនេះ ។ មិនអាចទប់អារម្មណ៍បាន តារាចម្រៀង ដួង វីរៈសិទ្ធ និង ម៉ា ច័ន្ទបញ្ញា បានបញ្ចេញសារ ស្នើឲ្យមហាជនមេជួយដល់ដំណក់ឈាមចុងក្រោយរបស់សិល្បករល្បីឈ្មោះឲ្យសាកសមទៅនឹងកិត្តិនាមល្បីល្បាញ ។
កេរឈ្មោះល្បីល្បាញរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានបន្តរក្សាមានជាច្រើនទសវត្សរ៍ មកហើយ ប៉ុន្តែគ្រួសារលោកហាក់ជួបរឿងអភ័ព្វច្រើនបន្តបន្ទាប់ និងមិនទទួលបានការជ្រោមជ្រែងខ្លាំងនោះឡើយ ។ ក្រោយមរណភាពរបស់លោក ស៊ីន ច័ន្ទឆាយ៉ា រហូតដល់កូនប្រុសលោកបានបន្តមរណភាពទៀតដោយបន្សល់ទុកនូវការសោកស្តាយជាខ្លាំង ។ ទោះជាយ៉ាងណាការចាប់អារម្មណ៍នៅមានកម្រិត ដែលសូម្បីតែពិធីបុណ្យសពក៏មិនទទួលបានការជួយជ្រោមជ្រែងផុសផុលនោះដែរ ។
ធ្លាប់ជាសិស្សដែលធ្លាប់សិក្សារជាមួយ កូនប្រុសលោក ស៊ីន ស៊ីសាមុត នោះលោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងថា គ្រួសារអធិរាជសំឡេងមាស ដែលល្បីខ្ទរខ្ទារហើយមើលពីខាងក្រៅ មានមនុស្សជាច្រើនគោរព ឲ្យតម្លៃដោយសារតែភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត ក្នុងបុគ្គលខ្លះក៏មានបានដោយសារមរតកចម្រៀងរបស់លោកផង ។ ប៉ុន្តែជាក់ស្ដែងក្រុមគ្រួសារមួយនេះ ហាក់ខ្វះការយកចិត្តទុកដាក់ ៣ជំនាន់មកហើយ ។ លោក ម៉ា ច័ន្ទបញ្ញា បញ្ជាក់ថា តាមការកត់សម្គាល់របស់លោក គឺមិនសូវឃើញមានសិល្បករទៅចូលរួមច្រើនទេ ពោលគឺមានតិចតួច ដែលមិនសមនឹងភាពល្បីល្បាញរបស់អធិរាជសំឡេងមាសឡើយ ។
លោកថា លោកឃើញតែ សាច់ញាតិនៃគ្រួសារដ៏សោកសៅប៉ុណ្ណោះដោយសារតែគ្រួសារអធិរាជសំឡេងមាស គ្មានខ្នងបង្អែក និងមិនចេះ Protocol ទើបជួបរឿងអភ័ព្វយ៉ាងនេះ ។ ម៉ា ច័ន្ទបញ្ញា បានបញ្ជាក់ថា ចាប់ពីពេលនេះ លោកនឹងទទួលការហៅឲ្យច្រៀងបទមរតកឡើងវិញ ក្រោយពីកន្លងមកលោកបានបដិសេធ ព្រោះមិនចង់ប្រើមរតកដើមមកធ្វើអាជីវកម្ម ។ ក្រៅពិនេះលោកនឹងកាត់ចំណែកខ្លះពីការច្រៀងនោះ ជូនគ្រួសារអភ័ព្វនេះផង ។ ក្រៅពីនេះលោកបញ្ញាបានលើកឡើងថាលោក នឹងព្យាយាមជួយរៀបចំ ការិយាល័យ ស៊ីន ស៊ីសាមុតឡើងវិញទៀត តាមលទ្ធភាពដែលលោកមាន និងស្វាគមន៍ការឧបត្ថម្ភទាំងឡាយ ។ ទោះជាយ៉ាងណា តាមប្រិយមិត្តខ្លះបាន អះអាងថា សិល្បករច្រើននាក់ដែរបានទៅចូលរួមថ្ងៃទីដំបូងនៃពិធីបុណ្យ ក្នុងមានទាំងវត្តមានរបស់ថ្នាក់នាំខ្លះផង ស្របពេលដែលកម្មវិធីបុណ្យសពកៀកនឹងថ្ងៃឆ្លងឆ្នាំសកលដែលធ្វើឲ្យមានការរវល់ច្រើន ។
ថ្លែងស្រដៀងគ្នានេះដែរ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ដួង វីរៈសិទ្ធ បានបង្ហាញសារក្នុងន័យជំរុញឲ្យមានការយកចិត្តទុកដាក់ជួយសម្រួលដល់ជីវភាព និងជាការលើកទឹកចិត្តដើម្បីឲ្យក្រុមគ្រួសារនេះ ពិសេសស្ត្រីមេម៉ាយកូន៣ ដែលជាតំណក់ឈាមរបស់ក្រុមគ្រួសារមួយនេះ ។ ការថ្លែងនេះក៏ក្រោយពេលដែលពិធីបុណ្យគម្រប់៧ថ្ងៃត្រូវបានបញ្ចប់ដោយភាពស្រងះស្រងោចកាលពីថ្ងៃទី០៤ ខែ មករានេះនៅតំបន់ចាក់អង្រែក្រោម ។
គួរបញ្ជាក់ដែរថា គ្រួសារ ស៊ីន ស៊ីសាមុត ក្រោយពីអធិរាជសំឡេងមាសរូបនេះចាកចេញទៅតាំងឆ្នាំ ១៩៧៦ បន្ទុកគ្រួសារ ត្រូវធ្លាក់លើលោក ស៊ីន ច័ន្ទឆាយ៉ា ប៉ុន្តែលោកគ្រូរបស់លោក បញ្ញា រូបនេះ ក៏បានស្លាប់ទៀត ហើយអ្វីក៏ត្រូវធ្លាក់លើកូនប្រុស ស៊ីន សេដ្ឋកុល ។ ប៉ុន្តែបង្គោលគ្រួសារ ធំចុងក្រោយក៏ត្រូវបាក់ទៀត កាលពីថ្ងៃទី ៣១ ដោយលោកបានស្លាប់ដោយសារជំងឺបេះដូង អ្នកខ្លះថា ដាច់សរសៃឈាមក្នុងខួរក្បាល ។ ការបាត់បង់របស់លោក សេដ្ឋកុល ធ្វើគ្រួសារទាំងមូលទ្រុឌទ្រោមទៅៗ ហើយកូនស្រីពៅដែលនៅសេសសល់ ជាអ្នករាប់រងបន្ទុកគ្រួសារដ៏ធ្ងន់មួយនេះ ។ សម្រាប់បំណងនៃការជួយចូលរួមជួយដល់ក្រុមគ្រួសារអភ័ព្វនេះគេអាចទំនាក់ទំនងទៅកាន់លេខ098444692៕ វឌ្ឍនា