ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​២នាក់​ម្តាយកូន ជិះម៉ូតូដេញ​តាម​ចោរ​ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​ចោរ​ និង​ជនរងគ្រោះ ​រងរបួស​ធ្ងន់​ ​

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី​២នាក់​ម្តាយ​ និង​កូន​ស្រី​ បានជិះ​ម៉ូតូ​ ដេញ​តាម​ម៉ូតូ​ចោរឆក់​ ធ្វើឲ្យជនសង្ស័យភ័យជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងទាំងជនសង្ស័យ និងរងគ្រោះធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ ចំណែកជនសង្ស័យរងរបួសស្រាល គេចខ្លួនបាត់ ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ នៅ​វេលា​ម៉ោង​ ៩យប់​ ថ្ងៃ​ទី​ ៥​ ខែ​មករា​ ឆ្នាំ​២០២០​ ជិត​​វត្ត​ទួល​ទំពូង​ ផ្លូវ​១៣៥​កែង​ និង​ផ្លូវ​ ម៉ៅសេទុង​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។

​ស្ត្រី​រងគ្រោះ​ ជាម្ដាយ​ ត្រូវ​បាន​សមត្ថកិច្ច​ ឲ្យ​ដឹង​ថា​ ឈ្មោះ​ ២៩ឆ្នាំ​ មាន​អាសយដ្ឋាន​ ផ្ទះ​គ្មាន​លេខ​ ភូមិ​ជា​ព្រហ្ម​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។ ចំណែក​កូន​ស្រី​ អាយុ​ប្រហែល​៧ឆ្នាំ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ​ ម៉ាក​ ZOMER X ពណ៌ស​លាយ​ទឹក​ក្រូច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GC 5335 ។

ចំណែក​ជនសង្ស័យ​ ២នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ បានរត់​គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​ម៉ូតូ​១គ្រឿង​ ម៉ាក​ ហុង​ដា​ឌ្រីម​ ស៊េរីឆ្នាំ​២០១៩​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HO 6280 ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ ។ រីឯរថយន្ត​សណ្តោង​ ម៉ាក​ FUSU ពណ៌ បៃតង ខ្ចី​ ពាក់​ស្លាក​លេខ​ កំពង់​ធំ​ 3A2124 បើក​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ។

តាម​សាក្សី​ម្នាក់​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេបាន​ឃើញ​ ស្ត្រី​២នាក់​ម្តាយ​ និង​កូន​ ស្រី​អាយុ​ប្រហែល​៧ឆ្នាំ​ បានជិះ​ម៉ូតូ​ម៉ាក​ZOMER​ X​ពណ៌ស ​លាយ​ទឹក​ក្រូច​ ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុង​ដា​ ឌ្រីម​ ស៊េរីឆ្នាំ​ ២០១៩​ ​ ជិះ​ដោយ​ ជនសង្ស័យ​២នាក់​ ក្រោយពីធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរួច​ តាម​បណ្ដោយ​ផ្លូវ​ ១៣៥​ក្នុង​ទិសដៅ​ ពី​លិច​ទៅ​កើត​ ក្នុង​ល្បឿន​លឿន​ ដោយ​ស្ត្រី​២នាក់​ម្តាយ​ និង​កូន​ បាន​ស្រែក​ដេញ​ តាម​ពី​ក្រោយ​ ស្រែក​ថា​ ចោរ​ៗតាមពីក្រោយ​ លុះ​មកដល់​ ចំនុច​ផ្លូវ​​ ម៉ៅសេទុង​ ក៏ម៉ូតូ​ទាំងពីរ​គ្រឿង​ ទាំង​ជនសង្ស័យ​ និង​ជន​រងគ្រោះ​ ជ្រុល​ទៅ​បុក​រថយន្ត​ រថយន្ត​សណ្តោង​ដឹក​ទំនិញ​ ដែល​ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​ ម៉ៅសេទុង​ក្នុង​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​ ចំពាក់​កណ្ដាល​កង់ឡាន​ ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២គ្រឿង​ដួល​ចូល​ក្រោម​រថយន្ត​ ក៏ត្រូវ​រថយន្ត​កិន​អូសម៉ូតូ​ ពី​ក្រោម​ ប្រហែល​១០០​ ទើប​អ្នក​បើក​បរ​ រថយន្ត​ចាប់​ហ្វ្រាំង​ជាប់​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ត្រី​២នាក់​ម្តាយ​ និង​កូន​ រងរបួស​បាក់​ជើង​ទាំងពីរ​នាក់​ ចំណែក​ ជន​សង្ស័យ​ទាំង​ពីរ​នាក់​ រងរបួស​តិចតួច​ បាន​រត់​គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​ម៉ូតូ​១គ្រឿង​នៅ​កន្លែង​កើត​ហេតុ​ ។

បន្ទាប់មកឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ហើយ​ក៏​បា​ន​ ទំនាក់ទំនង​ ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មកដឹក​ជនរងគ្រោះ​ ស្ត្រី​២នាក់​ម្តាយ​ និង​កូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​សូវៀត​ ។

ក្រោយ​ពេល​កើតហេតុ​ នៅសល់​តែ​រថយន្ត​ និង​ម៉ូតូ​២គ្រឿង​ ព្រម​ទាំង​អ្នក​បើក​បរ​ ត្រូវ​បាន​សមត្ថកិច្ច​ ជំនាញ​ យក​ទៅ​រក្សា​ទុក​នៅ​ អធិការ​ខណ្ឌ​ចំការ​មន​ រង់ចាំ ខាង​ជំនាញ​ធ្វើ​ការ​ ស្រាវជ្រាវ​នៅ​ពេល​ក្រោយ ៕ សុខា សែនជ័យ

 

 


ចែករំលែក៖