អគារដែលបានសាងសង់រួចរាល់មានកម្ពស់៥ជាន់នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបាក់ស្រុតបណ្តាលឲ្យមនុស្សជាប់គាំង និងរងរបួស តែមិនគ្រោះថ្នាក់ដល់អាយុជីវិតទេ ។
ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានបញ្ជាក់ថា អគារកម្ពស់៥ជាន់នៅក្នុងទីក្រុង ហ្សាការតា ដោយផ្នែកនោះ បានបាក់ស្រុតកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ រងរបួសយ៉ាងតិច៨នាក់ និងមានអ្នកផ្សេងទៀត នៅជាប់គាំង។
ភ្លាមៗនេះ គេនៅមិនទាន់អាចសន្មត់បានថា មានអ្នកស្លាប់នោះទេ ហើយមិនទាន់ដឹងថា តើការបាក់ស្រុកនេះមានពាក់ព័ន្ធទឹកជំនន់ក្នុងតំបន់កាលពីសប្តាហ៍មុននោះដែរឬទេ បណ្តាលឲ្យស្លាប់មនុស្សជាង៦០នាក់នោះ ។
រូបភាពផ្សាយតាមទូរទស្សន៍ឃើញកម្ទេចកម្ទីបាក់បែករប៉ាត់រប៉ាយពាស់ពេញដងផ្លូវ ។ ទីតាំងអគារបាក់ស្រុតនេះ ស្ថិតនៅភាគខាងលិចទីក្រុងហ្សាការតា។ ក្រុមជួយសង្គ្រោះបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យភា្លមៗ ។
ភ្នាក់ងារសង្គ្រោះបន្ទាន់បញ្ជាក់ថា ក្រុមជួយសង្គ្រោះកំពុងជម្លៀសជនរងគ្រោះចេញពីទីខាងក្នុងនៃអគារនោះ ហើយថានៅមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឲ្យអគារបាក់ស្រុតនៅឡើយទេ ។ បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា មនុស្ស២នាក់ជាប់គាំង ក្នុងនោះម្នាក់ជួយសង្គ្រោះបានហើយ ៕