ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាចេញពីចំការរថយន្តបុករបួសធ្ងន់ ៣នាក់ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ដ នៅគ្រាដែលភាគីខាងម៉ូតូជិះឌុបគ្នាចេញពីចំការមកផ្លូវជាតិ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង១០នាទី រសៀលថ្ងៃច័ន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ មុនកើតហេតុគេឃើញម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាចំនួន ៣នាក់ចេញពីចំការ លុះមកដល់កន្លែងកើតហេតុបានបត់ឆ្លងផ្លូវទៅខាងឆ្វេង ខណៈមានរថយន្ត ១គ្រឿងម៉ាក កាមរី ហើម ចង្កូតស្ថាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F 0840 ធ្វើដំណើរមកពីទិស (កើតលិច) ជ្រុលបុកពេញទំហឹង អ្នកបររថយន្តឃើញហេតុការណ៍បែបនេះ បើកទ្វារចុះរត់គេចបាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ជនរងរបួសទី១ ឈ្មោះ យិន ដូង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)អ្នកបើកបរម៉ូតូ ចំណែកអ្នករួមដំណើរទី១ ឈ្មោះ ដូង វីត ភេទប្រុស អាយុ ១២ឆ្នាំ(កូន)(ធ្ងន់) និងទី២ ឈ្មោះ ឃឿន វិនធីតា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសរស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបន្តទៀតថា ជនរងរបួសធ្ងន់ទាំងចំនួន ៣នាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ដោយឡែក៖ វត្ថុតាងម៉ូតូ និងរថយន្ដសមត្ថកិច្ចនគរបាលជំនាញ ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ យកទៅរក្សាទុកជាបណ្ណោះអាសន្ន រង់ចាំបន្តនីតិវិធី មូលហេតុមិនគោរពសិទ្ធិអាទិភាព ៕ បុឹម ពិន


ចែករំលែក៖